(កៀវ)៖ អ៊ុយក្រែនគឺជាប្រទេសមានផ្ទៃដីធំលំដាប់ទី២ នៅក្នុងតំបន់អឺរ៉ុបបន្ទាប់ពីរុស្ស៊ី។ ប្រទេសនៅក្នុងតំបន់អឺរ៉ុបខាងកើតមួយនេះមានព្រំដែនជាប់ប្រទេស ដូចជា រុស្ស៊ី, បេឡារុស, ប៉ូឡូញ, រូម៉ានី, ស្លូវ៉ាគី, ម៉ុលដូវ៉ា និងហុងគ្រី ព្រមទាំងមានព្រំដែនទឹកជាប់សមុទ្រខ្មៅ។ អ៊ុយក្រែនដែលជាអតីតដែនដីសហភាពសូវៀត បានប្រកាសឯករាជ្យ បន្ទាប់ពីសូវៀតដួលរលំរលាយនៅឆ្នាំ១៩៩១។

ចាប់តាំងពីពេលនោះមកដែរ, អ៊ុយក្រែនកាន់តែមានទំនោរទៅរកបណ្ដាប្រទេសលោកខាងលិច ដែលនេះធ្វើឱ្យរុស្ស៊ីមិនសប្បាយជាយូរមកហើយដែរ។ សម្រាប់ រុស្ស៊ី អ៊ុយក្រែនគឺជាទីតាំងភូមិសាស្ត្រដ៏សំខាន់ប្រៀបដូចជាទ្រនាប់ការពារមួយដ៏ធំពីការឈ្លានពានរបស់ NATO។ ម្យ៉ាងវិញទៀត មកទល់នឹងពេលនេះ
លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅតែចាត់ទុកថាអ៊ុយក្រែន គឺជាកេរមរតកបន្សល់ទុកពីអតីតសហភាពសូវៀត ដោយលោកផ្ទាល់ធ្លាប់បានប្រកាសត្រង់ៗ កាលពីចុងឆ្នាំ២០២១ ថាប្រជាជនរុស្ស៊ី និងប្រជាជនអ៊ុយក្រែន ជាប្រជាជនតែមួយទៀតផង។

*ខាងក្រោមនេះគឺជាប្រវត្តិរូបសង្ខេបរបស់អ៊ុយក្រែន៖

* ទីក្រុងកៀវ៖ គឺជារដ្ឋធានី

* មានប្រជាជន៖ ៤៤.៩លាននាក់

* មានផ្ទៃក្រឡា៖ ៦០៣,៧០០គីឡូម៉ែត្រក្រឡា

* ភាសា៖ អ៊ុយក្រែន (ភាសាផ្លូវការ), រុស្ស៊ី

* សាសនារបស់រដ្ឋ៖ គ្រឹស្តសាសនា

* អាយុសង្ឃឹមរស់៖ មនុស្សប្រុស ៦៤ឆ្នាំ, មនុស្សស្រី ៧៥ឆ្នាំ

* វត្ថុបិយវត្ថុ៖ ហឺរីនីយ៉ា (hryvnya)

* GDP ៖ ១៣៧.៣ពាន់លានដុល្លារ (ឆ្នាំ២០២០, ធនាគារពិភពលោក)

* GDP សម្រាប់ប្រជាជនម្នាក់៖ ៣,៧២៦.៤ដុល្លារ (ឆ្នាំ២០២០, ធនាគារពិភពលោក)

*ប្រធានាធិបតី៖ លោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី (Volodymyr Zelensky)។ លោកជាអតីតតារាកំប្លែងអ៊ុយក្រែនម្នាក់ ដែលមិនមានបទពិសោធន៍ខាង នយោបាយនោះទេ។

*កាលបរិច្ឆេទនៃប្រវត្តិសាស្ត្រសម័យទំនើបសំខាន់ៗរបស់អ៊ុយក្រែន៖

* ឆ្នាំ១៩១៨៖ អ៊ុយក្រែនប្រកាសឯករាជ្យ ក្រោយបដិវត្តន៍រុស្ស៊ី (Russian Revolution)។

* ឆ្នាំ១៩២១៖ សហភាពវៀតត្រូវបានបង្កើតឡើង ហើយកងទ័ពក្រហមរុស្ស៊ីបានវាយដណ្ដើមកាន់កាប់២ភាគ៣ នៃទឹកដីអ៊ុយក្រែន។

* ឆ្នាំ១៩៣២៖ កសិករយ៉ាងហោច ៧លាននាក់បានស្លាប់ នៅក្នុងគ្រោះទុរភិក្សនៅអំឡុងយុទ្ធនាការសមូហនីយកម្មរបស់លោកស្ដាលីន។

* ឆ្នាំ១៩៤១ ដល់ឆ្នាំ១៩៤៤៖ ប្រជាជនអ៊ុយក្រែនរងទុក្ខវេទនា នៅក្រោមការគ្រប់គ្រងរបស់កងទ័ពណាហ្ស៊ីអាល្លឺម៉ង់ហ៊ីត្លែរ នាសម័យសង្រ្គាមលោកលើកទី២។

* ឆ្នាំ១៩៤៥៖ កងទ័ពសម្ពន្ធមិត្តលោកខាងលិច ទទួលបានជ័យជម្នះនៅក្នុងសង្រ្គាមលោកលើកទី២ ហើយសូវៀតបានក្រសោបយកអ៊ុយក្រែនតែម្ដង។

* ឆ្នាំ១៩៨៦៖ រ៉េទ័រនុយក្លេអ៊ែរមួយ នៅឯរោងចក្រនុយក្លេអ៊ែរសឆឺណូប៊ីល (Chernobyl) បានផ្ទុះដោយធ្វើឱ្យសាយភាយធាតុវិទ្យុកម្មនៅទូទាំងទ្វីបអឺរ៉ុប។
* ឆ្នាំ១៩៩១៖ ខណៈសហភាពសូវៀតឈានទៅរកការដួលរលំ, អ៊ុយក្រែនបានប្រកាសឯករាជ្យ។

* ឆ្នាំ២០០៤៖ បដិវត្តន៍មួយដែលគេតែងតែហៅ «បដិវត្តន៍ព៌ណទឹកក្រូច» ដោយក្រុមបាតុករលោកខាងលិចធ្វើបាតុកម្មតវ៉ាទាមទារឱ្យរដ្ឋាភិបាលអ៊ុយក្រែន ជំនាន់នោះធ្វើកំណែទម្រង់។

* ឆ្នាំ២០១៤៖ នៅខែកុម្ភៈ, បដិវត្តន៍ផ្កាម្លិះបានផ្ទុះឡើង ក្រោយក្រុមបាតុករបានទម្លាក់រដ្ឋាភិបាលគាំទ្ររុស្ស៊ីចេញពីអំណាច ហើយក្នុងឆ្នាំដដែលនេះដែរ រុស្ស៊ី ក៏សម្រេចចិត្តក្រសោបយកតំបន់គ្រីមៀ

* ឆ្នាំ២០១៩៖ នៅខែមេសា, លោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី បានជាប់ឆ្នោតជាប្រធានាធិបតីអ៊ុយក្រែន។

គួរបញ្ជាក់ថា រុស្ស៊ី ត្រូវបានបណ្ដាប្រទេសលោកខាងលិចចោទប្រកាន់ថាមានផែនការប្រើកម្លាំងយោធា តាមរយៈការដាក់ពង្រាយកងទ័ពជាង ១សែននាក់ នៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន។ សហរដ្ឋអាមេរិកបានព្រមានថារុស្ស៊ីអាចនឹងបើកការវាយប្រហារលើអ៊ុយក្រែន នៅក្នុងខែកុម្ភៈខាងមុខ ប៉ុន្តែរុស្ស៊ីបានច្រាន ចោលការចោទប្រកាន់នេះ ដោយអះអាងថាខ្លួនគ្មានផែនការប្រើកម្លាំងយោធាលើប្រទេសណាមួយទេ ប៉ុន្តែក៏បានព្រមានដែរថានឹងចាត់វិធានការឆ្លើយតប ប្រសិនបើមានសកម្មភាពបង្ករឿងណាមួយពី NATO ឬពីអ៊ុយក្រែន៕