(ប្រាស៊ីលីយ៉ា)៖ ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍ទឹកជំនន់ និងរអិលបាក់ដីក្នុងទីក្រុងប៉េត្រូប៉ូលីស (Petropolis) នៃរដ្ឋរីយ៉ូ ឌឺ ហ្សាណេរ៉ូ (Rio de Janeiro) ប្រទេសប្រេស៊ីលបានបន្តកើនដល់ ១៥២នាក់ហើយ ខណៈមនុស្ស ១៦៥នាក់ កំពុងបន្តបាត់ខ្លួននៅឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ឆ្នាំ២០២២។

ហេតុការណ៍គ្រោះធម្មជាតិទាំងនោះ បានកើតឡើងកាលពីថ្ងៃអង្គារសប្តាហ៍នេះ ហើយមកទល់ឥឡូវ អាជ្ញាធរប្រេស៊ីលកំពុងតែបន្ត ប្រតិបត្តិការជួយសង្រ្គោះនិងតាមស្វែងរកអ្នកបាត់ខ្លួន យ៉ាងសស្រាក់សស្រាំដដែល។ ចំណែកឯ អ្នកជំនាញជាច្រើនបានអះអាងថា គ្រោះមហន្តរាយធម្មជាតិនៅប្រេស៊ីល បានបង្ហាញយ៉ាងច្បាស់ថាការប្រែប្រួលអាកាសធាតុ មិនត្រឹមតែកំពុងបង្កឱ្យមានភ្លៀងធ្លាក់ច្រើន នៅក្នុងទីក្រុង Petropolis ប៉ុណ្ណោះទេ តែវាក៏កំពុងបង្កឱ្យគ្រោះធម្មជាតិនៅជុំវិញពិភពលោកថែមទៀតផង។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប្រធានាធិបតីប្រេស៉ីល លោក ហ្សាអៀរ បូលសូណារ៉ូ (Jair Bolsonaro) ក៏បានជិះយន្តហោះ ដើម្បីពិនិត្យមើលតំបន់រងគ្រោះពីលើផ្ទៃអាកាសផងដែរ ហើយលោកបានចាត់ទុកទិដ្ឋភាពដដែលលោកបានឃើញ ប្រៀបដូចជាទិដ្ឋភាព ដែលបន្សល់ទុកដោយសង្រ្គាមយ៉ាងដូច្នោះ៕