(ប្រាស៉ីលីយ៉ា)៖ នៅថ្ងៃសៅរ៍សប្តាហ៍នេះ ប្រេស៉ីលបានចេញមុខឆ្លើយតបវិញ ចំពោះការរិះគន់ពីសំណាក់សហរដ្ឋអាមេរិក ជុំវិញដំណើរបំពេញទស្សនកិច្ចកាលពីពេលថ្មីៗនេះ របស់ប្រធានាធិបតីប្រេស៉ីល លោក ហ្សាអៀរ បូលសូណារ៉ូ (Jair Bolsonaro) នៅឯប្រទេសរុស្ស៉ី ស្របពេលដែលទីក្រុងវ៉ាស៉ីនតោន និងក្រុមប្រទេសលោកខាងលិច ស្ថិតក្នុងភាពតានតឹងជាមួយទីក្រុងម៉ូស្គូ ជុំវិញបញ្ហាអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ឆ្នាំ២០២២។

សហរដ្ឋអាមេរិកបានព្យាយាមបញ្ចុះបញ្ចូល មិនឱ្យលោក Bolsonaro ធ្វើទស្សនកិច្ចនៅកាន់ប្រទេសរុស្ស៉ី ខណៈដែលរុស្ស៉ីបានប្រមូលផ្តុំកម្លាំងទ័ព នៅក្បែរព្រំប្រទល់អ៊ុយក្រែន ជាហេតុនាំឱ្យទីក្រុងវ៉ាស៉ីនតោនព្រមានហើយព្រមានទៀតអំពី លទ្ធភាពនៃការឈ្លានពានលើអ៊ុយក្រែនដោយរុស្ស៉ី។ ទោះជាបែបនេះក្តី លោកប្រធានាធិបតីប្រេស៉ីល នៅតែទៅជួបប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃពុធសប្តាហ៍នេះ ហើយបានបង្ហាញពីសាមគ្គីភាព របស់ប្រេស៉ីលជាមួយរុស្ស៉ីថែមទៀតផង។

ពាក់ព័ន្ធដំណើរទស្សនកិច្ចនោះ អ្នកនាំពាក្យសេតវិមាន លោកស្រី ចេន សាគី (Jen Psaki) បានលើកឡើងថា វាបានហាក់ធ្វើឱ្យប្រេស៉ីល ស្ថិតនៅជំហរផ្ទុយស្រឡះពីសហគមន៍អន្តរជាតិភាគច្រើន។ ឆ្លើយតបចំពោះការរិះគន់ ក្រសួងការបរទេសប្រេស៉ីល បានសម្តែងការសោកស្តាយចំពោះទស្សនៈយ៉ាងដូច្នោះ របស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា កាលពីជំនាន់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺលោក Bolsonaro ដែលបានឡើងជាប្រធានាធិបតីប្រេស៉ីល នៅឆ្នាំ២០១៩ បានព្យាយាមបង្កើនទំនាក់ទំនងឱ្យជិតស្និទ្ធជាមួយទីក្រុងវ៉ាស៉ីនតោន ប៉ុន្តែចំណងទាក់ទងរវាងប្រទេសទាំងពីរ បានវិលទៅរកកម្រិតធម្មតាវិញ ចាប់ពីលោក ចូ បៃដិន កាន់អំណាចជាប្រធានាធិបតីអាមេរិក៕