(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ៤១,៤៤៣នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៧១៥នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពី គេហទំព័រ Worldometers នាព្រឹកថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៨០,០៧២,៥៦១ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៩៥៩,១៣០នាក់ និងជាសះស្បើយឡើងសរុបជាង ៥១.៥៤លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃសុក្រសប្ដាហ៍នេះបាននិយាយថា ការប្រភាពអាសន្ននៅទូទាំងប្រទេស ដែលត្រូវបានដាក់ចេញកាលពីខែមីនា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 នឹងត្រូវបានបន្លាយពេលរហូតដល់ក្រោយថ្ងៃទី០១ ខែឧសភា ខាងមុខនេះ ដោយសារតែហានិភ័យសុខាភិបាល បង្កឡើងដោយជំងឺមួយនេះ។ លោក បៃដិនបាននិយាយថា ការស្លាប់របស់ប្រជាជនអាមេរិកច្រើនជាង ៩០០,០០០នាក់ ដោយសារ COVID-19 បានបញ្ជាក់យ៉ាងច្បាស់ពីភាពចាំបាច់ ក្នុងការឆ្លើយតបទៅនឹងជំងឺឆ្លងរាតត្បាតមួយនេះ ជាមួយសមត្ថភាពយ៉ាងពេញលេញរបស់រដ្ឋាភិបាលសហព័ន្ធ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥៤៩លានដូស ក្នុងនោះប្រជាជន ២៥២.៦៥លាននាក់ (៧៦.៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២១៣.៨លាននាក់ (៦៤.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៩២.៤៤លាននាក់ (២៨.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕