(វ៉ាស៉ីនតោន)៖ អាជ្ញាធរសហព័ន្ធរបស់សហរដ្ឋអាមេរិក កំពុងធ្វើការស៉ើបអង្កេតជុំវិញ ករណីធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង ទៅក្នុងទឹកសមុទ្រ ដែលនៅកៀកបង្កើយនឹងមនុស្សម្នាជាច្រើននាក់ ដែលកំពុងហែលទឹកលេង និងសម្រាកហាលថ្ងៃ នៅឯឆ្នេរក្នុងទីក្រុងម៉ាយអាមី (Miami) នៃរដ្ឋផ្លូរីដា នាថ្ងៃសៅរ៍សប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ឆ្នាំ២០២២។

រដ្ឋបាលអាកាសចរណ៍អាមេរិក FAA បានឱ្យដឹងថា ឧទ្ធម្ភាគចក្រស៉ីវិលធុនតូចមួយគ្រឿង ប្រភេទ Robinson R44 បានធ្លាក់ទៅក្នុងសមុទ្រ ក្បែរឆ្នេរដែលមានមនុស្សយ៉ាងកកុញនោះ នាវេលាម៉ោង០១៖២០រសៀល ថ្ងៃសៅរ៍ ទី១៩ ខែកុម្ភៈ (ម៉ោងក្នុងតំបន់នៅអាមេរិក)។ ទីភ្នាក់ងារ FAA និងកំពុងបើកការស៉ើបអង្កេតលើករណីនេះ ជាមួយអាជ្ញាធរផ្នែកសុវត្ថិភាពដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រខាងលើដឹកមនុស្សចំនួន៣នាក់ ហើយបើតាមប៉ូលិសនៃទីក្រុង Miami អ្នកដំណើរ២នាក់ ក្នុងចំណោមនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ រីឯមនុស្សម្នាក់នៅលេងកម្សាន្តនៅលើឆ្នេរ ហាក់មិនបានទទួលរងគ្រោះថ្នាក់អ្វី។ ជាមួយគ្នានេះ ឃ្លីបវីដេអូបង្ហាញពីទិដ្ឋភាព នៃការធ្លាក់ឧទ្ធម្ភាគចក្រ ក៏ត្រូវបានចែកចាយនៅលើបណ្តាញសង្គមផងដែរ៕