(កង់បេរ៉ា)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) បានចោទទីក្រុងប៉េកាំងអំពីការបង្កសកម្មភាពបំភិតបំភ័យ បន្ទាប់ពីនាវាយោធារបស់ចិន បានប្រើកាំរស្មីឡាស៊ែរតម្រង់ទៅលើ យន្តហោះល្បាតដែនសមុទ្ររបស់យោធាអូស្រ្តាលី កាលពីប៉ុន្មានថ្ងៃមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ឆ្នាំ២០២២។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអូស្រ្តាលី យន្តហោះល្បាតដែនសមុទ្ររបស់អូស្រ្តាលីធុន P-8A Poseidon បានទទួលរងការបាញ់កាំរស្មីឡាំស៊ែរនោះ ពីសំណាក់នាវាយោធារបស់កងទ័ពជើងទឹកចិន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ជុំវិញហេតុការណ៍នេះ លោក Morrison បានចាត់ទុកវាថាជា ការបង្កសកម្មភាពបំភិតបំភ័យ ដែលមិនអាចទទួលយកបាន ហើយរដ្ឋាភិបាលរបស់លោក នឹងទាមទារឱ្យមានការបកស្រាយពីទីក្រុងប៉េកាំង។

រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក ភីទើ ឌូតុន (Peter Dutton) បានអះអាងថា ហេតុការណ៍ខាងលើ បានកើតឡើងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់អូស្រ្តាលី ពេលដែលនាវាយោធាចិន២គ្រឿង ធ្វើដំណើរឆ្ពោះទៅភាគខាងកើត កាត់តាមសមុទ្រអារ៉ាហ៊្វូរ៉ា (Arafura) ដែលនៅចន្លោះភាគខាងជើងប្រទេសអូស្រ្តាលី និងភាគខាងត្បូងប្រទេសប៉ាពួរញូហ្គីណេ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងអូស្រ្តាលីហើយនិងចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ខ្លួន បានធ្លាក់ចុះដុនដាបខ្លាំង បន្ទាប់ពីទីក្រុងកង់បេរ៉ា បានដាក់បម្រាមលើក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei កាលពីឆ្នាំ២០១៨ រួមជាមួយការរឹតបន្តឹងច្បាប់ប្រឆាំងការជ្រៀតជ្រែកផ្នែកនយោបាយពីបរទេស ក៏ដូចជាការទទូចឱ្យមានការស៉ើបអង្កេតឯករាជ្យលើប្រភពដើមនៃវីរុស COVID-19៕