(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បាននិយាយថា ប្រសិនបើបណ្ដាប្រទេសលោកខាងលិច បរាជ័យក្នុងការបំពេញសន្យារបស់ខ្លួន ដើម្បីគាំទ្រដល់ឯករាជ្យភាពរបស់អ៊ុយក្រែន នោះវាអាចនឹងបង្កផលវិបាកនៅជុំវិញពិភពលោក រួមមានទាំងកោះតៃវ៉ាន់ ផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។

លោក បូរីស ចនសុន ធ្វើការកត់សម្គាល់ខាងលើ នៅឯសន្និសីទសន្តិសុខក្នុងទីក្រុងមុយនិក ប្រទេសអាល្លឺម៉ង់ នៅថ្ងៃសៅរ៍នេះ។ លោក ចនសុន បានបញ្ជាក់ដូច្នេះថា «គ្រប់ពេលដែលរដ្ឋមន្ត្រីនៃប្រទេសលោកខាងលិចបំពេញទស្សនកិច្ច ទៅកាន់ទីក្រុងកៀវ (អ៊ុយក្រែន), យើងតែងតែធានាចំពោះប្រជាជនអ៊ុយក្រែន និងមេដឹកនាំរបស់ពួកគេថាយើងនឹងគាំទ្របូរណភាពទឹកដី និងឯករាជ្យភាពរបស់ពួកគេ»។

លោកបន្ថែមថា ប្រសិនបើអ៊ុយក្រែនរងការបំផ្លិចបំផ្លាញ នោះវានឹងបង្កផលវិបាកនៅជុំវិញពិភពលោក ក្នុងនោះរួមមានទាំងតៃវ៉ាន់ ហើយ មនុស្សខ្លះអាចធ្វើការសន្និដ្ឋានថាការឈ្លានពានប្រទេសណាមួយ គឺជារឿងត្រឹមត្រូវ៕