(ម៉ូស្គូ)៖ មេដឹកនាំនៃក្រុមឧទ្ទាមភាគខាងកើតអ៊ុយក្រែន នៅតំបន់ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) បានចេញបញ្ជាឲ្យធ្វើការដាក់ពង្រាយ កងកម្លាំងយោធារបស់ពួកគេគ្រប់ជ្រុងជ្រោយ ខណៈមេដឹកនាំទីក្រុងកៀវវិញ កំពុងស្ថិតនៅទីក្រុង មូនិច (Munich) ប្រទេសអាល្លឺម៉ង់ ដើម្បីចូលរួមកិច្ចប្រជុំសន្តិសុខ ជាមួយបណ្តាប្រទេសលោកខាងលិច និងស្នើសុំការជួយគាំទ្រ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានអង់គ្លេស The Guardian នាល្ងាចថ្ងៃសៅរ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រៅពីការដាក់ពង្រាយយោធាពេញលេញ, ក្រុមឧទ្ទាមភាគកើតអ៊ុយក្រែន ក៏បានធ្វើតាមការជំរុញរបស់រុស្ស៊ី ក្នុងការជម្លៀសប្រជាជនងាយរងគ្រោះ ចេញពីទឹកដីភាគខាងកើតអ៊ុយក្រែន ចូលទៅកាន់ទឹកដីភាគខាងត្បូងរុស្ស៊ី ជាបណ្តោះអាសន្នផងដែរ។ បើតាមសារព័ត៌មានដដែល ប្រជាជននៃតំបន់ស្ថិតក្រោមការគ្រប់គ្រង ដោយក្រុមឧទ្ទាមភាគខាងកើតអ៊ុយក្រែន យ៉ាងហោចណាស់ ៧០០,០០០នាក់ បាននិងកំពុងភៀសខ្លួន ចូលទៅកាន់ទឹកដីរុស្ស៊ី ហើយរដ្ឋាភិបាលរុស្ស៊ីក៏បានធានាផ្តល់ទីជម្រក និងមើលថែទាំពួកគេផងដែរ។

ការបញ្ជាឲ្យដាក់ពង្រាយទ័ពគ្រប់គោលដៅ និងជម្លៀសប្រជាជនក្នុងទ្រង់ទ្រាយធំខាងលើនេះ បានកើតមានឡើង ស្របពេលដែលក្រុមឧទ្ទាមនេះ បានចោទប្រកាន់ថា កងទ័ពរដ្ឋាភិបាលអ៊ុយក្រែន បានបើកការវាយប្រហារជាបន្តបន្ទាប់ មកលើពួកគេមុន ខណៈទីក្រុងកៀវវិញ បានចោទប្រកាន់បកទៅវិញដូចគ្នា និងថែមទាំងបានអះអាងទៀតថា កងទ័ពអ៊ុយក្រែនម្នាក់បានស្លាប់ ដោយសារការវាយប្រហារពីក្រុមឧទ្ទាម។

គួរបញ្ជាក់តាមវិមានក្រឹមឡាំង បានប្រកាសកាលពីថ្ងៃសុក្រថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នឹងធ្វើការត្រួតពិនិត្យដោយផ្ទាល់ នូវការធ្វើសមយុទ្ធនុយក្លេអ៊ែរ ពីសំណាក់កងទ័ពរុស្ស៊ីនៅតំបន់ជិតព្រំដែនអ៊ុយក្រែន នៅក្នុងថ្ងៃសៅរ៍នេះ ប៉ុន្តែមិនទាន់មានការបញ្ជាក់ថា នៅម៉ោងប៉ុន្មាននោះឡើយ។ ដោយឡែកសហរដ្ឋអាមេរិក និងលោកខាងលិចវិញបានមើលឃើញថា ស្ថានភាពនេះអាចជាការបង្កើត «លេស» មួយរបស់រុស្ស៊ី ដើម្បីឲ្យប្រទេសមហាអំណាចយោធាលំដាប់លេខ ២ លើលោកមួយនេះ អាចបើកការវាយលុកចូលអ៊ុយក្រែន ដោយសមហេតុផល៕