(ម៉ូស្គូ)៖ វិមានរដ្ឋាភិបាលរុស្ស៊ី «ក្រឹមឡាំង» (Kremlin) បានប្រកាសនៅថ្ងៃសៅរ៍នេះថា កិច្ចសន្ទនាគ្នាតាមទូរស័ព្ទរវាងលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន និងសមភាគីបារាំង លោក អ៊ែមម៉ានុយអែល ម៉ាក្រុង នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យស្អែកនេះ (ម៉ោងនៅទីក្រុងម៉ូស្គូ) នៅចំពោះមុខភាពតានតឹងលើបញ្ហាអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS នារសៀលថ្ងៃសៅរ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។

កិច្ចសន្ទនាតាមទូរស័ព្ទខាងលើនេះ នឹងកើតឡើងតែ ១សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីបារាំងលោក អ៊ែមម៉ានុយអែល ម៉ាក្រុង បានធ្វើដំណើរដោយផ្ទាល់ទៅកាន់ទីក្រុងម៉ូស្គូ ដើម្បីជួបលោក វ៉្លាឌីមៀ ពូទីន ស្ថិតក្នុងគោលដៅបន្ធូរបន្ថយភាពតានតឹង រវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន តាមរយៈមធ្យោបាយការទូត ខណៈសហរដ្ឋអាមេរិក កាន់តែព្រមានខ្លាំងឡើងៗ អំពីលទ្ធភាពនៃការវាយប្រហារដោយកងទ័ពរុស្ស៊ី ចូលទៅកាន់ទឹកដីអ៊ុយក្រែន ដែលអាចនឹងកើតឡើងក្នុងខែកុម្ភៈនេះតែម្តង។

គួរបញ្ជាក់ថា បញ្ហារសើបដែលបានផ្ទុះឡើង និងកំពុងបង្កក្តីព្រួយបារម្ភ កាន់តែខ្លាំងនៅពេលនេះ គឺការប៉ះទង្គិចគ្នារវាងកងកម្លាំងរដ្ឋាភិបាលទីក្រុងកៀវ និងក្រុមឧទ្ទាមគ្រប់គ្រង តំបន់ភាគកើតអ៊ុយក្រែនចំនួនពីរគឺ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) ខណៈរុស្ស៊ីទើបបង្គាប់ឲ្យក្រុមឧទ្ទាមទាំងនេះ ជម្លៀសពលរដ្ឋទៅស្នាក់នៅក្នុងទឹកដីរុស្ស៊ី ជាបណ្តោះអាសន្ន ដើម្បីគេចចេញពីការវាយប្រហារ ដោយកងទ័ពរដ្ឋាភិបាលអ៊ុយក្រែន។

យ៉ាងណាក៏ដោយ ខាងភាគីរដ្ឋាភិបាលអ៊ុយក្រែនបានអះអាងនៅថ្ងៃសៅរ៍នេះថា កងទ័ពរបស់ខ្លួនម្នាក់បានស្លាប់ ដោយសារការវាយប្រហារពីសំណាក់ ក្រុមឧទ្ទាមនៅភាគខាងកើត។ ដោយឡែកសហរដ្ឋអាមេរិក និងលោកខាងលិចវិញបានមើលឃើញថា ស្ថានភាពនេះអាចជាការបង្កើត «លេស» មួយរបស់រុស្ស៊ី ដើម្បីឲ្យខ្លួនអាចបើកការវាយលុកចូលអ៊ុយក្រែន ដោយសមហេតុផល៕