(ប្រាស៊ីលីយ៉ា)៖ ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍ទឹកជំនន់ និងរអិលបាក់ដីក្នុងទីក្រុងប៉េត្រូប៉ូលីស (Petropolis) នៃរដ្ឋរីយ៉ូ ឌឺ ហ្សាណេរ៉ូ (Rio de Janeiro) ប្រទេសប្រេស៊ីល បានកើនដល់ ១៣៦នាក់ហើយ ខណៈមនុស្ស ២១៣នាក់ បន្តបាត់ខ្លួននៅឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃសៅរ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។

គិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ មនុស្ស ២៤នាក់ ត្រូវបានជួយសង្រ្គោះ និង៩៦៧នាក់ ត្រូវបានជម្លៀសទៅកាន់ជំរំស្នាក់នៅបណ្ដោះអាសន្នរៀបចំដោយ រដ្ឋ។

មកទល់នឹងពេលនេះ អាជ្ញាធរប្រេស៊ីលកំពុងបន្តប្រតិបត្តិការជួយសង្រ្គោះ និងតាមស្វែងរកអ្នកបាត់ខ្លួន។ ចំណែកឯ អ្នកជំនាញជាច្រើនបានអះអាងថា គ្រោះមហន្តរាយធម្មជាតិនៅប្រេស៊ីល បានបង្ហាញយ៉ាងច្បាស់ថាការប្រែប្រួលអាកាសធាតុមិនត្រឹមតែកំពុងបង្កឱ្យមានភ្លៀងធ្លាក់ច្រើន នៅក្នុងទីក្រុង Petropolis ប៉ុណ្ណោះទេ តែវាក៏កំពុងបង្កឱ្យគ្រោះធម្មជាតិនៅជុំវិញពិភពលោកផងដែរ៕