(ម៉ូស្គូ)៖ រុស្ស៊ី នៅថ្ងៃសៅរ៍នេះបានច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដែលថាទីក្រុងម៉ូស្គូ ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារ ព័ត៌មានវិទ្យាលើធនាគារអ៊ុយក្រែន និងគេហទំព័រជាច្រើនរបស់រដ្ឋាភិបាល ដោយចាត់ទុកថាជារឿងមិនពិត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងសារមួយបង្ហោះលើ Twitter ស្ថានទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិក បានបញ្ជាក់ដូច្នេះថា «យើងច្រានចោលទាំងស្រុងការចោទប្រកាន់ដោយគ្មាន មូលដ្ឋានទាំងនេះ។ រុស្ស៊ីមិនបានប្រព្រឹត្តិទង្វើដូចការចោទប្រកាន់នោះទេ ហើយក៏មិនដែលបានដឹកនាំការវាយប្រហារព័ត៌មានវិទ្យានោះដែរ»

គួរបញ្ជាក់ថា ការបដិសេធជាថ្មីរបស់រុស្ស៊ីធ្វើឡើង បន្ទាប់ពីអនុទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោកស្រី អាន នូប៊ឺហ្គឺ (Anne Neuberger) កាលពី ថ្ងៃសុក្រសប្ដាហ៍នេះ បានចោទប្រកាន់ចំៗថាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធារុស្ស៊ី គឺជាអ្នកនៅពីក្រោយការវាយប្រហារព័ត៌មានវិទ្យាលើធនាគារ អ៊ុយក្រែន និងគេហទំព័ររបស់រដ្ឋាភិបាលទីក្រុងកៀវ កាលពីពេលថ្មីៗនេះ៕