(ហ្សឺណែវ)៖ ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានជំរុញឲ្យពិភពលោកទាំងមូល បង្កើនកិច្ចសហប្រតិបត្តិការ និងជំនួយហិរញ្ញវត្ថុ ដើម្បីឈានទៅបិទបញ្ចប់ជំងឺរាតត្បាតសកល COVID-19។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នារសៀលថ្ងៃសៅរ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ថេដ្រូស អាដាណម បានលើកឡើងយ៉ាងដូច្នេះថា «វាជាប្រការគ្រោះថ្នាក់» នៅក្នុងការគិតថា ជំងឺរាតត្បាតសកល (COVID-19) នឹងត្រូវបិទបញ្ចប់ តាមរយៈកម្រិតនៃចាក់វ៉ាក់សាំងបង្ការ បានក្នុងកម្រិតខ្ពស់របស់ប្រទេសមួយចំនួន ហើយលោកក៏បានច្រានចោល ការអះអាងកន្លងមកនេះដែលថា វីរុសបំប្លែងថ្មី Omicron ជាវីរុសមិនសូវធ្ងន់ធ្ងរនោះផងដែរ។

ការថ្លែងរបស់ប្រមុខ WHO ខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាស ដែលលោកចូលរួមក្នុងសន្និសីទស្តីពីសន្តិសុខ នៅទីក្រុង មូនិច (Munich) ប្រទេសអាល្លឺម៉ង់ ដោយស្ថិតក្នុងប្រធានបទ «ស្វែងរកផ្លូវមួយ ដើម្បីចាកចេញពីជំងឺរាតត្បាតសកល»។ លោក ថេដ្រូស អាដាណម បានសង្កត់ធ្ងន់ទៀតថា «យើងអាចបិទបញ្ចប់ភាពអាសន្ន បង្កឡើងដោយជំងឺរាតត្បាតសកល COVID-19 នៅក្នុងឆ្នាំនេះ។ យើងមានឧបករណ៍រួចហើយ។ យើងដឹងពីរបៀបធ្វើវាហើយ...»

គួរបញ្ជាក់ថា ប្រមុខ WHO បានជំរុញឲ្យប្រទេសនានាបំពេញជាបន្ទាន់ ចំពោះចន្លោះប្រហោងផ្នែកហិរញ្ញវត្ថុប្រមាណ «១៦ពាន់លានដុល្លារអាមេរិក» សម្រាប់ទ្រទ្រង់កម្មវិធីប្រយុទ្ធប្រឆាំងជំងឺ COVID-19 ហៅកាត់ថា «ACT» ដែលមានដូចជាការផលិតវ៉ាក់សាំង, ការធ្វើតេស្ត, ការព្យាបាល និងការផលិតឧបករណ៍ការពារ សម្រាប់ផ្គត់ផ្គង់នៅទូទាំងពិភពលោក៕