(ប៉េកាំង)៖ ទិន្នន័យដែលក្រសួងពាណិជ្ជកម្មចិនចេញផ្សាយ នាពេលថ្មីៗកន្លងមកបានបង្ហាញឱ្យឃើញថា នៅខែមករាឆ្នាំនេះ មិនបូករួមទាំងវិស័យធនាគារ មូលបត្រនិងការធានារ៉ាប់រង បរិមាណដើមទុនបរទេសដែលប្រទេសចិន ប្រើប្រាស់ដោយជាក់ស្តែងបានឡើងដល់ ១០២,២៨០លានប្រាក់យាន់ចិន បានកើនជាង ១១.៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ត្រូវជា ១៥,៨៤០លានដុល្លារអាមេរិក។ និយាយចំពោះប្រទេសចិន តួលេខគួរឱ្យកត់សម្គាល់នេះ មិនត្រឹមតែមានន័យថា សម្រេចបាននូវកិច្ចចាប់ផ្តើមដ៏ល្អប្រសើរក្នុងឆ្នាំនេះ លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មប៉ុណ្ណោះទេ ជាងនេះទៅទៀត បានបញ្ចេញព័ត៌មានគន្លឹះមួយទៅកាន់មជ្ឈដ្ឋានខាងក្រៅ ពោលគឺ៖អ្នកវិនិយោគទុនបរទេស នៅតែមានជំនឿចិត្តចំពោះទីផ្សារចិន ក្នុងនាមជាគោលដៅបណ្តាក់ទុន ចិននៅតែមានកម្លាំងទាក់ទាញខ្លាំងក្លាដដែល។

ហេតុអ្វីបានជាអ្នកវិនិយោគបរទេស រីករាយបណ្តាក់ទុននៅប្រទេសចិន គឺដោយមកពីទីផ្សារចិនអាចនាំមកនូវ ផលកម្រៃជាទីគាប់ប្រសើរដល់ពួកគេ ។ ក្នុងបរិបទដែលវីរុសកូវីដ១៩ នៅតែរីករាលដាលយ៉ាងធ្ងន់ធ្ងរ ការបណ្តាក់ទុនផ្ទាល់ពីបរទេសនៅលើពិភពលោក នៅតែមានភាពទន់ខ្សោយ តែនៅប្រទេសចិន សហគ្រាសបរទេសបែរជានាំគ្នាបន្ថែមបណ្តាក់ទុន នេះជាលទ្ធផលនៃការងារបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាពផង ហើយក៏បានបង្ហាញឱ្យឃើញនូវ ភាពទាក់ទាញរបស់ទីផ្សារដ៏ធំធេងផងដែរ។

និយាយចំពោះសហគ្រាសទុនបរទេស ជាបថម គឺផ្តោតសំខាន់ទៅលើសក្តានុពលកំណើនជាបន្តបន្ទាប់ ក្នុងទីផ្សារធំរបស់ប្រទេសចិន។ ទីផ្សារដែលមានសក្តានុពលដ៏ធំធេងបែបនេះ ធ្វើឱ្យទុនបរទេសពោពេញទៅដោយជំនឿចិត្ត ។ សហគ្រាសថ្មីដែលចូលក្នុងទីផ្សារចិនរំពឹងថា នឹងប្រកបអាជីវកម្មដោយមានភាពនឹងនរ រីឯ «មិត្តភក្តិចាស់» ដែលបានបណ្តាក់ទុនជាច្រើនឆ្នាំនៅប្រទេសចិន បានបង្ហាញពីគោលបំណង ដែលចង់បន្តធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅ។

មូលហេតុមួយទៀតដែលអ្នកវិនិយោគបរទេស មានសុទិដ្ឋិនិយមចំពោះទីផ្សារចិន គឺនៅត្រង់ «បរិយាកាសទន់» នៃវិស័យវិនិយោគចិនមានភាពកាន់តែល្អប្រសើរជាបន្តបន្ទាប់។ ប្រទេសចិនបានអនុវត្តវិធានការជាច្រើន ដើម្បីពង្រីកការបើកទូលាយ និងធ្វើឱ្យបរិយាកាសប្រកបអាជីវកម្មមានភាពកាន់តែល្អ ក្នុងន័យធ្វើឱ្យសហគ្រាសពហុជាតិ ដែលបណ្តាក់ទុននៅប្រទេសចិនកាន់តែទុកចិត្ត។

នាពេលកន្លងទៅថី្មៗនេះ សភាពាណិជ្ជកម្មអាល្លឺម៉ង់នៅចិន និងទីភ្នាក់ងារ Klynveld Peat Marwick Goerdeler បានចេញផ្សាយរបាយការណ៍រួមស្ដីពី ការពិនិត្យអង្កេតជំនឿចិត្តខាងពាណិជ្ជកម្ម ពីឆ្នាំ២០២១-២០២២ ដោយបានបង្ហាញថា សហគ្រាសអាល្លឺម៉ង់ធ្វើអាជីវកម្មនៅចិនមានចំនួន ៧១ភាគរយ គ្រោងនឹងបន្ថែមបណ្តាក់ទុននៅប្រទេសចិន។ ហើយលទ្ធផលកម្រងសំនួររបស់ក្រសួងពាណិជ្ជកម្មចិន នាពេលថ្មីៗកន្លងទៅនេះបានបង្ហាញថា ក្នុងចំណោមសហគ្រាសទុនបរទស ដ៏ធំសំខាន់ចំនួនជាង ៣ពាន់ មានសហគ្រាសច្រើនដល់ ៩៤.៩ភាគរយមានសុទិដ្ឋិនិយម ចំពោះការធ្វើអាជីវកម្មនៅចិននាពេលអនាគត ។

យោងតាម «កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់» ចូលជាធរមានតាមពេលកំណត់នៅថ្ងៃទី១ ខែមករាឆ្នាំនេះ នៅពេលអនាគត កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចក្នុងតំបន់ មុខជានឹងបង្កបង្កើតកាលានុវត្តភាពបណ្តាក់ទុន នៅប្រទេសចិនកាន់តែច្រើនឡើងៗ។ និយាយចំពោះសេដ្ឋកិច្ចសកលដែលបាន និងកំពុងងើបឡើងវិញដោយទន់ខ្សោយ នេះក៏ជាកាលានុវត្តភាពដ៏មានតម្លៃណាស់។

សម្លឹងមើលទៅអនាគត ប្រទេសចិននឹងបន្តបញ្ចេញសក្តានុពលកំណើនកាន់តែច្រើន បន្តពង្រីកការបើកទូលាយចំពោះបរទេស និងបង្កបង្កើតបរិយាកាសប្រកបអាជីវកម្ម ដែលប្រកបដោយទីផ្សារភាវូបនីយកម្ម នីតិកម្មនិងសកលភាវូបនីយកម្ម ក៏ដូចជាចែករំលែកនូវផលប្រយោជន៍អភិវឌ្ឍសេដ្ឋកិច្ច ដ៏មានគុណភាពកាន់តែច្រើនជាមួយពិភពលោក។ អាចប៉ាន់ប្រមាណថា នឹងមានសហគ្រាសពហុជាតិកាន់តែច្រើនឡើងៗយល់ឃើញថា ការបណ្តាក់ទុននៅចិន នឹងទទួលបានកាលានុវត្តភាពកាន់តែច្រើន និងកាន់តែធំ៕ (#CCFR Comment#)