(វ៉ាស៊ីនតោន)៖ ស្របទៅនឹងការព្រមានថា ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានសម្រេចចិត្តវាយប្រហារអ៊ុយក្រែនរួចទៅហើយ និងកំពុងបង្កើត «លេស» ដើម្បីបើកការវាយលុកក្នុងពេលឆាប់ៗនោះ, សហរដ្ឋអាមេរិកបានអះអាងបន្ថែមទៀតថា កងទ័ពរុស្ស៊ីក៏ត្រូវបានបង្កើនរហូតដល់ចំនួន ១៩០,០០០នាក់ផងដែរ នៅលើទឹកដីក្បែរព្រំដែនអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Guardian នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។

បើតាមរបាយការណ៍ពីសហរដ្ឋអាមេរិក កងទ័ពរុស្ស៊ីត្រូវបានបង្កើនក្នុងចំនួន ៩០,០០០នាក់បន្ថែមទៀត នៅក្បែរព្រំដែនអ៊ុយក្រែន ក្នុងរយៈពេលមិនដល់ ១ខែនោះឡើយ។ ទោះជាយ៉ាងណា, កាលពីប៉ុន្មានថ្ងៃមុននេះ រុស្ស៊ីបានអះអាងប្រាប់ពិភពលោកថា ខ្លួនបានដកកងទ័ពខ្លះ ចេញពីតំបន់ព្រំដែនរួចហើយ ក្រោយពីពួកគេបានបិទបញ្ចប់ការធ្វើសមយុទ្ធ តាមកាលបរិច្ឆេទ ហើយក៏បានរិះគន់បណ្តាសារព័ត៌មានលោកខាងលិច ជាពិសេសសារព័ត៌មាននៅសហរដ្ឋអាមេរិក ជុំវិញការផ្សព្វផ្សាយព័ត៌មាន «មិនពិត» អំពីការចល័តកងទ័ពរុស្ស៊ីផងដែរ។

គួរបញ្ជាក់ថា ការប្រកាសចេញអំពីចំនួនកងទ័ពរុស្ស៊ី កើនឡើងស្ទើរគុណនឹង ២ នៅក្បែរព្រំដែនអ៊ុយក្រែនខាងលើនេះ បានកើតមានឡើងស្របពេលដែល មន្ត្រីជាន់ខ្ពស់នៃបណ្តាប្រទេសលោកខាងលិច បានជួបប្រជុំគ្នានៅក្នុងទីក្រុង មូនិច (Munich) ប្រទេសអាល្លឺម៉ង់ ដើម្បីបើកកិច្ចប្រជុំផ្នែកសន្តិសុខរួមរយៈពេល ៣ថ្ងៃ គិតចាប់តាំងពីថ្ងៃសុក្រសប្តាហ៍នេះ។

របាយការណ៍ដដែលក៏បានគូសបញ្ជាក់ផងដែរថា រុស្ស៊ីបានបង្គ្រាប់ឲ្យក្រុមឧទ្ទាមគ្រប់គ្រងនៅតំបន់ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) នៃភាគខាងកើតអ៊ុយក្រែន ឲ្យជម្លៀសប្រជាជនចេញពីតំបន់នោះ ចូលទៅស្នាក់នៅក្នុងទឹកដីរុស្ស៊ី ជាបណ្តោះអាសន្នផងដែរ ដោយចោទប្រកាន់កងទ័ពរដ្ឋាភិបាលអ៊ុយក្រែនថា បានវាយប្រហារជាបន្តបន្ទាប់ មកលើតំបន់ទាំងនោះ។ យ៉ាងណាក៏ដោយ រុស្ស៊ីមិនទាន់ធ្វើការឆ្លើយតបណាមួយ ចំពោះការរបាយការណ៍ចុងក្រោយ របស់សហរដ្ឋអាមេរិកលើកនេះឡើយ៕