(ព្រុចសែល)៖ មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបម្នាក់ បានឱ្យដឹងថាកិច្ចព្រមព្រៀងមួយរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៉ីរ៉ង់ឆ្នាំ២០១៥ ឡើងវិញ អាចនឹងសម្រេចបានក្នុងពេលឆាប់ៗនេះ ប៉ុន្តែភាពជោគជ័យ គឺវាអាស្រ័យលើឆន្ទៈនយោបាយនៃប្រទេសដែលពាក់ព័ន្ធ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។

បើតាមមន្ត្រីសហភាពអឺរ៉ុបខាងលើដដែល កិច្ចព្រមព្រៀងរវាងអាមេរិក និងអ៉ីរ៉ង់ អាចនឹងសម្រេចបាននៅប៉ុន្មានសប្ដាហ៍ខាងមុខ ឬក៏អាចនឹងក្នុងពេល ២សប្ដាហ៍ទៀត។ មន្ត្រីរូបនេះបន្ថែមទៀតថា បញ្ហាមួយចំនួនធំ ត្រូវបានដោះស្រាយរួចរាល់ហើយ ប៉ុន្តែរឿងដែលសំខាន់បំផុត នោះគឺភាពជោគជ័យ ឬការឈានដល់កិច្ចព្រមព្រៀង វាអាស្រ័យលើឆន្ទៈនយោបាយនៃប្រទេសដែលពាក់ព័ន្ធ ព្រមទាំងការឯកភាពគ្នាលើបញ្ហាទាំងឡាយ។

គួរបញ្ជាក់ថា ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី១៧ ខែកុម្ភៈនេះក៏បានរាយការណ៍ផងដែរពីលទ្ធភាពអាចទៅរួចនៃការឈានដល់ កិច្ចព្រមព្រៀងចុងក្រោយមួយរវាងក្រុមអ្នកចរចាមកពីអ៉ីរ៉ង់, រុស្ស៊ី, ចិន, ចក្រភពអង់គ្លេស, បារាំង, អាល្លឺម៉ង់, សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗនេះ៕