(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក និងបណ្តាប្រទេស NATO ផ្សេងទៀត មិនទាន់មានឆន្ទៈក្នុងការទទួលយក ការទាមទារផ្នែកសន្តិសុខសំខាន់ៗ ពីប្រទេសលោកឱ្យបានគ្រប់គ្រាន់នៅឡើយទេ។ ការថ្លែងបែបនេះបានកើតមានឡើង បន្ទាប់ពីលោក ពូទីន បានបញ្ចប់ជំនួបពិភាក្សា ជាមួយសមភាគីបេឡារុស្សលោក អាឡិចហ្សានដឺ លូកាហ្សិនកូ (Alexander Lukashenko)។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ពូទីន បានគូសបញ្ជាក់បន្ថែមថា តបតាមការស្នើពីសមភាគីបេឡារុស លោកបានពន្យល់រួចរាល់ហើយ អំពីទំនាក់ទំនងចុងក្រោយបំផុត ជាមួយមេដឹកនាំនៃបណ្តាប្រទេសលោកខាងលិច ស្តីពីការទាមទារឲ្យមាន ការធានាសន្តិសុខរយៈពេលវែង និងស្របច្បាប់សម្រាប់ប្រទេសរុស្ស៊ី ពីសំណាក់សហរដ្ឋអាមេរិក និងអង្គការ NATO។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ីបានរាយការណ៍កាលពីថ្ងៃសុក្រថា លោក ពូទីន បានចាត់ទុកប្រការនេះ «ជារឿងធម្មតា» ព្រោះសម្ព័ន្ធមិត្តបេឡារុសរបស់រុស្ស៊ី ក៏មានការព្រួយបារម្ភអំពីបញ្ហានេះដែរ។

លោក ពូទីន បានសង្កត់ធ្ងន់ទៀតថា «យើងបានពិភាក្សាអំពីស្ថានការណ៍ ដែលកំពុងវិវឌ្ឍទៅមុខ ទាក់ទងនឹងការទាមទាររបស់រុស្ស៊ី ចំពោះលោកខាងលិច ដោយក្នុងនោះចំណុចសំខាន់ៗចែងថា អង្គការ NATO គួរតែបោះបង់ចោលផែនការរបស់ខ្លួន លើការពង្រីកវត្តមាន ទៅតំបន់ភាគខាងកើតអឺរ៉ុប ... ស្របតាមច្បាប់ដែលបង្កើតឡើងដោយ រុស្ស៊ី-NATO ដែលត្រូវបានចុះហត្ថលេខា កាលពីឆ្នាំ១៩៩៧។ ដូចអ្វីដែលខ្ញុំបាននិយាយរួចមកហើយ, សហរដ្ឋអាមេរិក និងសមាជិកដទៃទៀតរបស់ NATO មិនទាន់មានឆន្ទៈ ក្នុងការស្វែងយល់នូវចំណុចស្នូលទាំងបី នៃគំនិតផ្តួចផ្តើមរបស់យើង ឱ្យបានគ្រប់គ្រាន់នៅឡើយទេ»

ទន្ទឹមនឹងនោះ ប្រធានាធិបតីរុស្ស៊ីបានចង្អុលបង្ហាញថា បណ្តាមេដឹកនាំលោកខាងលិច បានបង្កើតគំនិតមួយចំនួន លើបញ្ហាសន្តិសុខអឺរ៉ុប, មីស៊ីលរយៈចម្ងាយមធ្យម និងខ្លី ព្រមទាំងតម្លាភាពផ្នែកយោធា ដែលសុទ្ធសឹងជាបញ្ហាដែលរុស្ស៊ី ពេញចិត្តក្នុងការលើកយកមកពិភាក្សាគ្នាផងដែរ។

គួរបញ្ជាក់តាមសម្តីលោក វ៉្លាឌីមៀ ពូទីន បានសង្កត់ធ្ងន់ជាចុងក្រោយថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្ពោះទៅរកផ្លូវចរចាក្នុងលក្ខខណ្ឌថា បញ្ហាទាំងអស់នឹងត្រូវបានពិភាក្សាយ៉ាងទូលំទូលាយ ដោយមិនបំបែកចេញពីចំណុចស្នើសំខាន់ៗរបស់រុស្ស៊ី ហើយការអនុវត្តជាក់ស្តែង គឺជាអាទិភាពកំពូលដែលរុស្ស៊ីចង់បាន៕