(វ៉ាសូវី)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) បានប្រកាសនៅថ្ងៃសុក្រសប្ដាហ៍នេះពីគម្រោងលក់រថក្រោះ Abrams ចំនួន ២៥០គ្រឿងឱ្យប្រទេសប៉ូឡូញ ខណៈទីក្រុងវ៉ាស៊ីនតោន កំពុងជួយពង្រឹងសមត្ថភាពការពារជាតិនៃបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុបខាងកើត នៅចំពោះមុខភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។

ការប្រកាសពីគម្រោងលក់រថក្រោះ Abrams ខាងលើធ្វើឡើងកំលុងលោក អូស្ទីន បំពេញទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាសូវី ជាទីដែលមេដឹកនាំប៉ូឡូញ បានព្រមានពីការដាក់ពង្រាយកងទ័ពរុស្ស៊ីរាប់ម៉ឺននាក់ នៅក្នុងប្រទេសក្បែរខាងគឺបេឡារុស។ សហរដ្ឋអាមេរិកក៏បានបញ្ជូនកងទ័ពជិត ៥,០០០នាក់ បន្ថែមទៅកាន់ប្រទេសប៉ូឡូញផងដែរ រួមទាំងយន្ដហោះចម្បាំងជាច្រើនគ្រឿង នៅក្រមក្របខណ្ឌនៃការឆ្លើយតបរបស់អាមេរិក ទៅនឹងវិបត្តិ
អ៊ុយក្រែន។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃសុក្រនេះដែរ នៅតែបន្តចេញមុខអះអាងដោយផ្ទាល់ អំពីការត្រៀមវាយប្រហារ ដោយរុស្ស៊ីទៅលើអ៊ុយក្រែន នៅក្នុងពេលឆាប់ៗ ហើយរុស្ស៊ីវិញក៏បានចាត់ទុកថា សហរដ្ឋអាមេរិក និងលោកខាងលិចកំពុងប្រឌិតព័ត៌មាន ដើម្បីបង្កើនភាពតានតឹងដ៏គ្រោះថ្នាក់៕