(ម៉ុមបៃ)៖ តុលាការមួយនៅក្នុងប្រទេសឥណ្ឌា នាថ្ងៃសុក្រនេះបានសម្រេចផ្តន្ទាទោស «ប្រហារជីវិត» មនុស្សចំនួន ៣៨នាក់ ពាក់ព័ន្ធនឹងករណីបំផ្ទុះគ្រាប់បែក ដ៏មហាប្រល័យក្នុងទីក្រុង អះមេដាបាដ (Ahmedabad) នៃរដ្ឋ ហ្គូចារ៉ាត (Gujarat) ភាគខាងលិចប្រទេសឥណ្ឌាកាលពីឆ្នាំ២០០៨។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាល្ងាចថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។

ការវាយប្រហារដោយបំផ្ទុះគ្រាប់បែក នៅទីក្រុងសេដ្ឋកិច្ច Ahmedabad កាលពីឆ្នាំ២០០៨ បានបណ្តាលឲ្យមនុស្ស ៥៦នាក់ស្លាប់ និងជាង ២០០នាក់រងរបួស។ ក្រុមជនបង្កបានដាក់បង្កៃគ្រាប់បែក នៅក្នុងផ្សារទំនើប, រថយន្តក្រុង និងទីសាធារណៈមួយចំនួនទៀត។ ក្រោយអំពើភេរវកម្មនេះកើតឡើង, ក្រុមសកម្មប្រយុទ្ធឥស្លាមមួយដែលហៅខ្លួនឯងថា «ឥណ្ឌា-មូចាហ៊ីឌីន» (Indian Mujahideen) បានចេញមុខអះអាងថា ជាទង្វើរបស់ពួកគេ ដែលត្រូវបានធ្វើឡើងដើម្បីសងសឹក ទៅនឹងការបង្ក្រាបកុប្បកម្មសាសនាមួយ ដោយអាជ្ញាធររដ្ឋ Gujarat កាលពីឆ្នាំ ២០០២ ដែលបានផ្តាច់ជីវិតមនុស្សខ្ទង់ ១,០០០នាក់។

គួរបញ្ជាក់ថា នៅក្នុងការផ្តន្ទាទោសដោយតុលាការឥណ្ឌាខាងលើនេះ គឺមានជនជាប់ចោទសរុប ៤៩នាក់ ក្នុងនោះ ៣៨នាក់បានទទួលទោសប្រហារជីវិត និង ១១នាក់ទៀត ត្រូវជាប់ពន្ធនាគារអស់មួយជីវិត។ តុលាការឥណ្ឌាបានចាត់ទុកថា នេះជាការផ្តន្ទាទោសប្រហារជីវិត ក៏កម្រជាទីបំផុតមួយ។ កន្លងមក, មនុស្សរហូតដល់ជិត ៨០នាក់ឯណោះត្រូវបានចាប់ខ្លួន និងធ្វើការស៊ើបអង្កេត ពាក់ព័ន្ធករណីបំផ្ទុះគ្រាប់បែកកាលពីឆ្នាំ២០០៨នោះ ប៉ុន្តែក្រោយមក ២៨នាក់ត្រូវបានដោះលែងវិញ៕