(កៀវ)៖ ក្រុមឧទ្ទាមដែលគាំទ្រដោយរុស្ស៉ី នៅឯតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន បានអះអាងថា ខាងកងទ័ពរដ្ឋាភិបាលអ៊ុយក្រែន ទើបតែបានបើកការវាយប្រហារដោយកាំភ្លើងធំ និងកាំភ្លើងត្បាល់ទៅលើពួកគេ ក្នុងហេតុការណ៍៣ផ្សេងគ្នា នៅថ្ងៃសុក្រនេះ។ នេះបើតាម ការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។

យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានរុស្ស៉ី Interfax ក្រុមឧទ្ទាមអ៊ុយក្រែន បានឱ្យដឹងថា ការបាញ់ផ្លោងមួយ ពីសំណាក់កងកម្លាំងរបស់រដ្ឋាភិបាល មានគោលដៅលើភូមិមួយកន្លែងឈ្មោះ ភេទ្រីវស្គី (Petrivske) ដែលស្ថិតក្នុងតំបន់ ដូនែត (Donetsk) ខណៈហេតុការណ៍វាយប្រហារពីរទៀត បានកើតឡើងលើទីក្រុង លូហាន់ (Luhansk)។

កងកម្លាំងរដ្ឋាភិបាលអ៊ុយក្រែន និងក្រុមឧទ្ទាមភាគខាងកើត បានបន្តស្ថិតក្នុងជម្លោះប្រដាប់អាវុធ អស់រយៈពេលប្រមាណ ៨ឆ្នាំមកហើយ ខណៈបទឈប់បាញ់រវាងភាគីទាំងពីរ តែងត្រូវបានបំពានជាញឹកញាប់ ក៏ប៉ុន្តែសកម្មភាពប្រយុទ្ធគ្នា ហាក់កំពុងកើនឡើងគួរឱ្យកត់សម្គាល់ នៅក្នុងសប្តាហ៍នេះ។

តួយ៉ាង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋាភិបាលទីក្រុងកៀវនិងពួកឧទ្ទាម បានទម្លាក់កំហុសលើគ្នាទៅវិញទៅមកថា កំពុងព្យាយាមបង្កឱ្យភាពតានតឹងកើនឡើង ដោយសារការបាញ់ផ្លោងគ្រាប់ទៅមកស្រដៀងគ្នានេះ។ កត្តានេះដែរ បានញ៉ាំងឱ្យមានការភ័យព្រួយថែមទៀត ក្នុងចំណោមប្រទេសលោកខាងលិចថា រុស្ស៉ីដែលបានប្រមូលទ័ពជាង១០០,០០០នាក់ នៅក្បែរព្រំប្រទល់អ៊ុយក្រែនស្រាប់ អាចនឹងចូលទៅពាក់ព័ន្ធ។

នៅថ្ងៃព្រហស្បតិ៍ដដែល វិមានក្រឹមឡាំងបាននិយាយថា រុស្ស៉ីព្រួយបារម្ភជាខ្លាំង ជុំវិញការបាញ់ផ្លោងដាក់គ្នារវាងរដ្ឋាភិបាលនិងក្រុមឧទ្ទាម នៅប្រទេសអ៊ុយក្រែន ហើយបានបញ្ជាក់ថា ខ្លួនកំពុងដានតាមស្ថានការណ៍យ៉ាងដិតដល់។ ដោយឡែក សហរដ្ឋអាមេរិកបានចោទរុស្ស៉ីថា កំពុងព្យាយាមរកលេស ដើម្បីចូលឈ្លានពានអ៊ុយក្រែន ដែលនឹងកើតឡើង ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ៕