(ហ្សឺណែវ)៖ ប្រធានាធិបតីនិងជារដ្ឋមន្រ្តីការបរទេសនៃប្រទេសស្វីស គឺលោក អ៉ីគណាហ្ស៉ីអូ កាស្ស៉ីស (Ignazio Cassis) បានធ្វើតេស្តឃើញវិជ្ជមានចំពោះជំងឺ COVID-19 មុនពេលដែលលោក ត្រូវចូលរួមសន្និសីទសន្តិសុខទីក្រុង Munich ក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។

រដ្ឋាភិបាលស្វីសបានឱ្យដឹង ក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «លោកប្រធានាធិបតី Ignazio Cassis បានឆ្លងកាត់ការធ្វើតេស្ត COVID-19 តាមបែប PCR ដើម្បីត្រៀមសម្រាប់ការអញ្ជើញទៅចូលរួមសន្និសីទសន្តិសុខទីក្រុង មូនិច (Munich) នៅឯប្រទេសអាល្លឺម៉ង់ នាចុងសប្តាហ៍នេះ។ ការធ្វើតេស្តចេញមកវិជ្ជមាន ហើយលោកបានចាប់អនុវត្តវិធានការចត្តាឡីស័កភ្លាមៗ កាលពីថ្ងៃព្រហស្បតិម្សិលមិញ ក្រោយដឹងលទ្ធផល»។ ដូច្នេះហើយ លោកប្រធានាធិបតីស្វីស មិនអាចចូលរួមសន្និសីទ Munich ឬព្រឹត្តិការណ៍ដទៃទៀតនោះទេ។

គួរបញ្ជាក់ថា ប្រទេសស្វីសទើបតែបានចាប់ផ្តើម លុបចោលវិធានការភាគច្រើន ដែលកន្លងមកត្រូវបានដាក់ចេញ ដើម្បីគ្រប់គ្រងការឆ្លងរាលដាល COVID-19 ដូចជាការពាក់ម៉ាស គឺលែងតម្រូវជាកាតព្វកិច្ចទៀតហើយ នៅតាមហាងនិងភោជនីយដ្ឋាន ហើយប្រជាជនក៏លែងចាំបាច់ត្រូវបង្ហាញបណ្ណវ៉ាក់សាំង ពេលចូលកន្លែងណាមួយទៀតដែរ។ រីឯការកំណត់ទំហំនៃការជួបជុំលក្ខណៈឯកជន និងព្រឹត្តិការណ៍ធំៗផ្សេងៗ ក៏ត្រូវបានដកចេញដូចគ្នា៕