(ញូយ៉ក)៖ ចៅក្រមម្នាក់នៅក្នុងរដ្ឋញូយ៉ក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបង្គាប់ឱ្យអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងកូន ទាំង២នាក់ ត្រូវតែបង្ហាញខ្លួនឆ្លើយសំណួរ អមជាមួយពាក្យសម្បថ នៅក្នុងរយៈពេល២១ថ្ងៃខាងមុខ ក្នុងការស៊ើបអង្កេតមួយពាក់ព័ន្ធនឹងមុខជំនួញ គ្រួសាររបស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។

ចៅក្រមនៃរដ្ឋញូយ៉ក គឺលោក អាតធឺ អេនហ្គូរ៉ុន (Arthur Engoron) បានគាំទ្រដល់អគ្គរដ្ឋអាជ្ញា លោកស្រី ឡេទីត្យា ជែម (Letitia James) ដែល បានបង្គាប់ឱ្យលោក ដូណាល់ ត្រាំ និងកូនទាំង២ គឺលោក ដូណាល់ ត្រាំ ជេ អ (Donald Trump Jr) និងអ្នកនាង អ៉ីវ៉ាន់កា ត្រាំ (Ivanka Trump) បង្ហាញខ្លួនផ្ដល់សក្ខីកម្ម។ លោក អេនហ្គូរ៉ុន បានបញ្ជាក់ដូច្នេះថា «លោកស្រី ជែម មានសិទ្ធិស្របច្បាប់ក្នុងការចេញដីកាកោះ និងសួរចម្លើយ អ្នកទាំង៣»

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បានហៅការចោទប្រកាន់រូបលោកពាក់ព័ន្ធនឹង ការគេចពន្ធនៃក្រុមហ៊ុនរបស់លោក គឺ Trump Organization គឺជារឿងមិនពិត ហើយបានចោទប្រកាន់លោកស្រី ជែម ថាមានចេតនានយោបាយ ប្រឆាំងរូបលោក និងគ្រួសារ៕