(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 លើស ១០០,០០០នាក់ជាលើកដំបូង ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ នៅចំពោះមុខការឆ្លងរាតត្បាតនៃមេរោគបំប្លែងថ្មីអូមីក្រុង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បើតាមមជ្ឈមណ្ឌលកូរ៉េសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺឆ្លង (KDCA) អ្នកឆ្លង COVID-19 ចំនួន ១០៩,៨៣១នាក់ ត្រូវបានរាយការណ៍កាលពី ពាក់កណ្ដាលយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ធ្វើឱ្យចំនួនអ្នកឆ្លងទូទាំងប្រទេសកើនដល់១,៧៥៥,៨០៩នាក់។ ក្នុងរយៈពេលដូចគ្នា អ្នកជំងឺ៤៥នាក់ ក៏បានស្លាប់ផងដែរ នាំឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺមួយនេះកើនដល់ ៧,២៨៣នាក់។

គួរបញ្ជាក់ថា នៅថ្ងៃសុក្រនេះដែរ, អាជ្ញាធរកូរ៉េខាងត្បូង បានឱ្យដឹងថាពួកគេនឹងបន្ធូរបន្ថយវិធានការបម្រាមគោចរបន្តិចម្ដងៗ សម្រាប់អាជីវកម្ម ឬហាងទំនិញនានា ប៉ុន្តែនឹងបន្តអនុវត្តវិធានការមួយចំនួនដូចជាការកំណត់ការជួបជុំត្រឹមមនុស្ស៦នាក់, ការធ្វើចត្តាឡីស័ក៧ថ្ងៃ សម្រាប់អ្នកដំណើរ បរទេស និងកាតព្វកិច្ចពាក់ម៉ាស ក៏ដូចជាការបង្ហាញបណ្ណចាក់វ៉ាក់សាំង នៅតាមទីសាធារណៈផងដែរ៕