(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ១០៣,៣៧៧នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២,១៨៤នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៧៩,៩១៥,៧៣៤ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៩៥៥,៤៩៧នាក់ និងជាសះស្បើយឡើងសរុបជាង ៥១.០២លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

មន្ត្រីសុខាភិបាលនៃសហរដ្ឋអាមេរិក នៅក្នុងសប្តាហ៍នេះបានពិភាក្សាគ្នា ដើម្បីរៀបចំជំហានបន្ទាប់ ក្នុងការដោះស្រាយបញ្ហាជំងឺរាតត្បាតសកល COVID-19 ខណៈឥទ្ធិពលនៃព្យុះរលក បង្កឡើងដោយវីរុសបំប្លែងថ្មី អូមីក្រុង (Omicron) បាននិងកំពុងថមថយគួរឲ្យកត់សម្គាល់។ មជ្ឈមណ្ឌលគ្រប់ និងបង្ការជំងឺ (CDC) នឹងធ្វើការកំណត់ឡើងវិញ អំពីសេចក្តីណែនាំរបស់ខ្លួនពាក់ព័ន្ធនឹងការពាក់ម៉ាស និងការធ្វើតេស្តរក COVID-19 ឲ្យសមស្របទៅនឹងស្ថានភាពជាក់ស្តែង៕

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥៤៨លានដូស ក្នុងនោះប្រជាជន ២៥២.៤លាននាក់ (៧៦.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២១៣.៤៣លាននាក់ (៦៤.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៩២.០២លាននាក់ (២៧.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕