(យូអិន)៖ ប្រេសិតចិនប្រចាំនៅអង្គការសហប្រជាជាតិ (UN) បានថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីបញ្ហាអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ការដោះស្រាយបញ្ហាអ៊ុយក្រែន គឺត្រូវតែត្រឡប់ទៅរកការអនុវត្តកិច្ចព្រមព្រៀងទីក្រុង មីងល៍ (Minsk) ថ្មី ឲ្យបានគ្រប់ជ្រុងជ្រោយឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នាព្រឹកថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ចាង ជុន (Zhang Jun) តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិបានពន្យល់យ៉ាងលម្អិត អំពីជំហររបស់ប្រទេសលោក ជុំវិញស្ថានភាពបច្ចុប្បន្ន តាមរយៈសន្និសីទសង្ខេបស្តីពីបញ្ហាអ៊ុយក្រែន នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។

លោក ចាង បានលើកឡើងថា កិច្ចព្រមព្រៀងទីក្រុង Minsk ត្រូវបានទទួលស្គាល់ដោយគ្រប់គ្នាថា ជាឯកសារនយោបាយមូលដ្ឋាន និងជាកាតព្វកិច្ចផងដែរ សម្រាប់ការដោះស្រាយបញ្ហាអ៊ុយក្រែន ហើយក៏សមនឹងទទួលបានការអនុវត្តពេញលេញ និងមានប្រសិទ្ធភាពពីសំណាក់គ្រប់ភាគីពាក់ព័ន្ធ។

តំណាងចិនប្រចាំនៅ UN រូបនេះបានសង្កត់ធ្ងន់ថា វាជារឿងគួរឲ្យសោកស្តាយ ដែលបទប្បញ្ញត្តិភាគច្រើននៃកិច្ចព្រមព្រៀងខាងលើនេះ មិនទាន់ត្រូវបានអនុវត្តឲ្យបានជាក់លាក់នៅឡើយ ហើយការរំលោភលើបទឈប់បាញ់ជាថ្មី (រវាងកងទ័ពរដ្ឋាភិបាលទីក្រុងកៀវ និងក្រុមឧទ្ទាមភាគខាងកើតអ៊ុយក្រែន) បានកើតមានឡើង។

គួរបញ្ជាក់តាមប្រេសិតចិនខាងលើនេះថា ទីក្រុងប៉េកាំងតែងតែចង់បាន ការដោះស្រាយដោយសន្តិវិធី ចំពោះជម្លោះនៅតំបន់ភាគខាងកើតអ៊ុយក្រែន តាមរយៈកិច្ចព្រមព្រៀងទីក្រុង Minsk ថ្មី ដែលជាកញ្ចប់វិធានការផ្លូវការ ត្រូវបានសម្រេចចេញកាលពីឆ្នាំ ២០១៥ នៅទីក្រុង Minsk ប្រទេសបេឡារុស និងត្រូវបានគាំទ្រដោយដំណោះស្រាយលេខ 2202 របស់ក្រុមប្រឹក្សាសន្តិសុខ UN កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥។

លោក ចាង ជុន បានគូសបញ្ជាក់ពីក្តីសង្ឃឹមរបស់ប្រទេសចិនថា គ្រប់ភាគីពាក់ព័ន្ធនឹងប្រកាន់យកនូវ អាកប្បកិរិយាប្រកបដោយលក្ខណៈស្ថាបនា ដោះស្រាយបញ្ហាតាមរយៈការសន្ទនា និងការពិគ្រោះយោបល់ ទោះបីជាមានភាពខុសគ្នា ដែលអាចកើតមានក្នុងការអនុវត្ត កិច្ចព្រមព្រៀងនោះក៏ដោយ និងរៀបចំផែនទីចង្អុលផ្លូវ និងតារាងពេលវេលា សម្រាប់ការអនុវត្តដោយមិនបង្អង់យូរ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ដោះស្រាយ បញ្ហានយោបាយនៅអ៊ុយក្រែន៕