(ប្រាស៊ីលីយ៉ា)៖ ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍ទឹកជំនន់ និងរអិលបាក់ដីក្នុងទីក្រុងប៉េត្រូប៉ូលីស (Petropolis) នៃប្រទេសប្រេស៊ីល បានកើន ដល់ ១១៧នាក់ហើយ ខណៈចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថាអាចនឹងបន្តកើនឡើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។

បើតាមអាជ្ញាធរប្រេស៊ីល, មនុស្សច្រើនជាង៧០០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ ទៅកាន់ជំរំស្នាក់នៅបណ្ដោះអាសន្នរៀបចំ ឡើងដោយរដ្ឋ។ អភិបាលរដ្ឋ រីយ៉ូ ឌឺ ហ្សាណេរ៉ូ (Rio de Janeiro) លោក ខ្លូឌីយ៉ូ កាស្ត្រូ (Claudio Castro) កាលពីថ្ងៃពុធសប្ដាហ៍នេះ បានប្រដូច ការខូចខាត នៅក្នុងទីក្រុងប៉េត្រូប៉ូលីស ដែលបង្កឡើងដោយទឹកជំនន់ និងគ្រោះរអិលបាក់ដី ទៅនឹងតំបន់សង្រ្គាមមួយ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) អាកាសធាតុមិនទាន់មានភាពល្អប្រសើរឡើងវិញនោះទេ ដោយកម្ពស់ទឹកភ្លៀង ក្នុងទីក្រុងប៉េត្រូប៉ូលីស បានកើន ៦សង់ទីម៉ែត្រ ដែលនេះបានបង្កការរំខានដល់ក្រុមអ្នកជួយសង្រ្គោះ ក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិត និងបោសសម្អាត៕