(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយថាមានភាពជឿនលឿនដ៏សំខាន់ កំលុងកិច្ចចរចាក្នុងទីក្រុងវីយ្យែន ដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឡើងវិញ ដែលអាចនឹងនាំទៅរកកិច្ចព្រមព្រៀងមួយនៅប៉ុន្មានថ្ងៃខាងមុខនេះ ប្រសិនបើអ៉ីរ៉ង់បង្ហាញភាពប្រាកដប្រជា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។

កិច្ចចរចាក្នុងទីក្រុងវីយ្យែន ប្រទេសអូទ្រីស ដែលមានការចូលរួមពីក្រុមអ្នកចរចាមកពីប្រទេសអ៉ីរ៉ង់, ចក្រភពអង់គ្លេស, ចិន, បារាំង, អាល្លឺម៉ង់ និងរុស្ស៊ី ដោយផ្ទាល់ បូកសហរដ្ឋអាមេរិកដោយប្រយោល បានចាប់ផ្ដើមជាថ្មីកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយគោលដៅស្ដារកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ ឡើងវិញ។

ថ្លែងប្រាប់ទីភ្នាក់សារព័ត៌មាន AFP អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកម្នាក់ បានបញ្ជាក់ដូច្នេះថា «ប្រសិនបើ អ៉ីរ៉ង់បង្ហាញភាពប្រាកដប្រជា, យើងអាច ហើយគួរតែសម្រេចបាននូវការព្រមព្រៀងគ្នាមួយស្ដីពីការត្រឡប់មកបំពេញកាតព្វកិច្ច ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀង JCPOA នៅប៉ុន្មានថ្ងៃខាងមុខនេះ»

គួរបញ្ជាក់ថា បើតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ ឬហៅកាត់ថា JCPOA, អ៉ីរ៉ង់ទទួលបានការលើកលែងទណ្ឌកម្ម ជាថ្នូរនឹងការរឹតត្បិត កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ប៉ុន្តែ សហរដ្ឋអាមេរិក បានដកខ្លួនចេញដោយឯកតោភាគីកាលពីឆ្នាំ២០១៨ នៅក្រោមអតីតរដ្ឋបាលលោកប្រធានាធិបតីដូណាល់ ត្រាំ។ ចាប់ពីពេលនោះមកដែរ អ៉ីរ៉ង់លែងអនុវត្តតាមការប្ដេជ្ញាចិត្ត និងកាតព្វកិច្ចដែលមានចែងក្នុងកិច្ចព្រមព្រៀង ដោយបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដែលអ្នកជំនាញមួយចំនួនព្រមានថាការចម្រាញ់នេះនឹងឈានដល់កម្រិតគ្រប់គ្រាន់ឱ្យអ៉ីរ៉ង់ ផលិតអាវុធនុយក្លេអ៊ែរ ក្នុងពេលអនគតដ៏ខ្លី៕