(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៣៦,២០០ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន៣,៨៩៣ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន៤៨៣ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Thái Nguyên មានចំនួន២,៤៧៨ករណី, ខេត្ត Quảng Ninh ២,៤៧៧ករណី និងខេត្ត Hải Phòng ១,៥៤៨ករណី។

ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍ននេះដែរក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ចំនួន៩០នាក់បន្ថែមទៀតផងដែរ។

សរុបមកវិញ គិតត្រឹមថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ២,៦៤៣,០២៤នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ២,២៥៤,៩៦៥នាក់ ចំណែកអ្នកស្លាប់សរុបនៅត្រឹមចំនួន ៣៩,២៧៨នាក់៕