(កៀវ)៖ យោធាអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះ បានចោទប្រកាន់ក្រុមឧទ្ទាមផ្ដាច់ខ្លួនគាំទ្រដោយរុស្ស៊ី ថាបានបាញ់គ្រាប់កាំភ្លើងធ្លាក់ចំសាលាមតេ្តយ្យ ក្នុងភូមិមួយ នៃតំបន់លូហាន់ស្កិ៍ (Luhansk) តែមិនបានបណ្ដាលឱ្យនរណាម្នាក់រងរបួស ឬក៏ស្លាប់នោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

នៅថ្ងៃព្រហស្បតិ៍នេះដែរ, ក្រុមឧទ្ទាមផ្ដាច់ខ្លួនគាំទ្រដោយរុស្ស៊ី ក្នុងតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ក៏បានចោទប្រកាន់យោធាអ៊ុយក្រែន ផងដែរថាបានវាយប្រហារមកលើទឹកដី ដែលពួកគេកំពុងកាន់កាប់ចំនួន ៤ដង នាកំលុងពេល ២៤ម៉ោងចុងក្រោយនេះ ហើយថាពួកគេកំពុងព្យាយាម បញ្ជាក់ថាតើមានមនុស្សស្លាប់ ឬរងរបួសដែរឬទេ។

យ៉ាងណាក៏ដោយ យោធាអ៊ុយក្រែនបានចេញមុខច្រានចោលភ្លាមៗ ចំពោះការចោទប្រកាន់ពីសំណាក់ក្រុមឧទ្ទាមផ្តាច់ខ្លួនភាគខាងកើតអ៊ុយក្រែននោះ ហើយក៏បានចោទប្រកាន់ទៅពួកឧទ្ទាមវិញថា គឺពួកគេទៅវិញទេ ដែលជាអ្នកវាយប្រហារមកលើកងទ័ពអ៊ុយក្រែន៕