(ស៉ីដនី)៖ អូស្រ្តាលីនិងចក្រភពអង់គ្លេស នៅថ្ងៃព្រហស្បតិ៍នេះ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍រួមថា កិច្ចព្រមព្រៀងអភិវឌ្ឍ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់អូស្រ្តាលី កំពុងទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងពីរ បានជួបពិភាក្សាគ្នាតាមប្រព័ន្ធអនឡាញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រោយកិច្ចសន្ទនារវាងនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) និងនាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) ប្រទេសទាំងពីរបានឱ្យដឹងថា បច្ចុប្បន្នក្រុមអ្នកជំនាញអាមេរិកនិងអង់គ្លេស កំពុងស្ថិតនៅអូស្រ្តាលី ដើម្បីជួយផ្តល់ប្រឹក្សា ជុំវិញគម្រោងអភិវឌ្ឍនាវាមុជទឹកខាងលើ ដែលត្រូវបានប្រកាសកាលពីខែសីហា ឆ្នាំ២០២១ នៅក្រោមសម្ពន្ធភាពការពារជាតិរវាងអូស្រ្តាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ហៅកាត់ថា AUKUS។

អូស្រ្តាលីនិងអង់គ្លេស បានបន្ថែមយ៉ាងដូច្នេះថា «ភាគីទាំង៣បាន បង្កើតវឌ្ឍនភាពគួរឱ្យកត់សម្គាល់ នៅក្នុងកិច្ចប្រឹងប្រែងរួម ដើម្បីផ្តល់ឱ្យ កងទ័ពជើងទឹកអូស្រ្តាលីនូវ នាវាមុជទឹកនុយក្លេអ៊ែរដើរដោយថាមពលនុយក្លេអ៊ែរ ឱ្យបានឆាប់តាមលទ្ធភាពអាចធ្វើទៅបាន»

គួរបញ្ជាក់ថា បើតាមការយល់ឃើញរបស់ក្រុមអ្នកជំនាញ សម្ពន្ធភាពត្រីភាគី AUKUS ត្រូវបានបង្កើតឡើងដើម្បីជាមធ្យោបាយមួយ សម្រាប់ទប់ទល់នូវ អ្វីដែលសហរដ្ឋអាមេរិកចាត់ទុកជា ការពង្រីកឥទ្ធិពលរបស់ចិននៅក្នុងតំបន់ប៉ាស៉ីហ្វិក។ សម្ពន្ធភាពសន្តិសុខនេះ នឹងធ្វើឱ្យអូស្រ្តាលី ក្លាយជាប្រទេសមិនមែនមហាអំណាចនុយក្លេអ៊ែរតែមួយគត់ ដែលមាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ខណៈនាវាមុជទឹកប្រភេទនេះ អាចធ្វើដំណើរក្រោមផ្ទៃទឹកបានចម្ងាយយ៉ាងឆ្ងាយ ដោយមិនចាំបាច់ត្រូវងើបឡើងមកលើផ្ទៃទឹកឡើយ៕