(តូក្យូ)៖ ប្រទេសជប៉ុន គ្រោងនឹងប្រកាសនៅថ្ងៃព្រហស្បតិ៍នេះ ពីការបន្ធូរបន្ថយវិធានការរឹតត្បិតព្រំដែន ត្រូវបានដាក់អនុវត្តដើម្បីទប់ស្កាត់ការឆ្លង រាលដាល COVID-19 ដែលជាវិធានការដ៏តឹងរ៉ឹងបំផុតមួយនៅក្នុងចំណោមបណ្ដាប្រទេសអ្នកមាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងចំណោមវិធានការបន្ធូរបន្ថយព្រំដែនខាងលើ ដែលនឹងត្រូវបានប្រកាស ក្នុងនោះរួមមានទាំងការបង្កើនចំនួនមនុស្ស ដែលត្រូវបានអនុញ្ញាតចូល មកក្នុងប្រទេសជប៉ុនផងដែរ។ ពោលគឺ ៥,០០០នាក់ ក្នុងមួយថ្ងៃ ខណៈបច្ចុប្បន្ន អ្នកដំណើរ ៣,៥០០នាក់ប៉ុណ្ណោះអាចចូលប្រទេសជប៉ុនបាន ក្នុងមួយថ្ងៃ រួមទាំងការកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កជាដើម។

គួរបញ្ជាក់ថា ជប៉ុនបានចាត់ទុកប្រទេសចំនួន ៨២ ជាប្រទេសមានហានិភ័យខ្ពស់នៃការឆ្លងរាលដាល COVID-19 ហើយបានតម្រូវឱ្យអ្នកដំណើរទាំងអស់ ត្រូវឆ្លងកាត់ការធ្វើចត្តាឡីស័ក នៅសណ្ឋាគាររយៈពេល ៣ ឬ ៦ថ្ងៃ។ វិធានការរឹតត្បិតទាំងនេះបានធ្វើឱ្យនិស្សិតបរទេស រួមទាំងពលករជាង ១៥០,០០០នាក់ មិនអាចត្រឡប់មកប្រទេសជប៉ុន ដើម្បីសិក្សា និងធ្វើការ៕