(ម៉ូស្គូ)៖ ក្រុមឧទ្ទាមភាគខាងកើតអ៊ុយក្រែន ដែលត្រូវបានគេដឹងថា មានរុស្ស៊ីនៅពីក្រោយខ្នងនោះ បានចេញមុខចោទប្រកាន់រដ្ឋាភិបាលអ៊ុយក្រែនថា បានវាយប្រហារមកលើទឹកដី ដែលពួកគេកំពុងកាន់កាប់ចំនួន ៤ដង នាកំលុងពេល ២៤ម៉ោងចុងក្រោយនេះ ហើយសម្រាប់ព័ត៌មានលម្អិតអំពីមនុស្សស្លាប់ ឬរងរបួសនោះ នៅមិនទាន់មានការបញ្ជាក់ឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

រហូតមកទល់នឹងពេលនេះ មិនទាន់មាននរណាអាចបញ្ជាក់ អំពីស្ថានការណ៍ជាក់ស្តែងថា ធ្ងន់ធ្ងរ ឬក៏យ៉ាងណានោះឡើយ ហើយអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងសន្តិសុខអឺរ៉ុប (OSCE) ដែលកន្លងមកមានតួនាទីក្នុងការតានដាន ស្ថានការណ៍នៅភាគខាងកើតអ៊ុយក្រែននោះ ក៏មិនទាន់អាចបញ្ជាក់ការពិត ជុំវិញព្រឹត្តិការណ៍ថ្មីខាងលើនេះដែរ។

យ៉ាងណាក៏ដោយ យោធាអ៊ុយក្រែនបានចេញមុខច្រានចោលភ្លាមៗ ចំពោះការចោទប្រកាន់ពីសំណាក់ ក្រុមឧទ្ទាមផ្តាច់ខ្លួនភាគខាងកើតអ៊ុយក្រែននោះ ហើយក៏បានចោទប្រកាន់ទៅពួកឧទ្ទាមវិញថា គឺពួកគេទៅវិញទេ ដែលជាអ្នកវាយប្រហារមកលើកងទ័ពអ៊ុយក្រែន។

គួរបញ្ជាក់ថា ការចោទប្រកាន់ដាក់គ្នាទៅវិញទៅមក អំពីការវាយប្រហាររវាង កងទ័ពរដ្ឋាភិបាលអ៊ុយក្រែន និងក្រុមឧទ្ទាមភាគខាងកើតប្រទេសនេះ តែងតែបានកើតមានជារឿយៗ នៅអំលុងពេល ៨ឆ្នាំមកនេះ។ ប៉ុន្តែសម្រាប់លើកនេះ, វាបានកើតមានឡើង ស្របពេលដែលកងទ័ពរុស្ស៊ីប្រមាណ ១០០,០០០នាក់ កំពុងឈរជើងនៅក្បែរព្រំដែនអ៊ុយក្រែនរួចជាស្រេច ខណៈសហរដ្ឋអាមេរិក បានបន្តព្រមានដដែលជាដដែលថា រុស្ស៊ីកំពុងត្រៀមវាយប្រហារអ៊ុយក្រែន នៅគ្រប់ពេលវេលា និងថែមទាំងអាចរក «លេស» ដើម្បីបើកការវាយប្រហារផងដែរ៕