(ប៉េកាំង)៖ កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទ ជាមួយលោក Macron ប្រធានាធិបតីបារាំង។ លោក Macron បានសម្តែងការអបអរសាទរ ចំពោះភាពជោគជ័យនិងអស្ចារ្យ នៃពិធីសម្ពោធបើកការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ដោយថ្លែងថា វាមិនមែនជារឿងងាយស្រួលទែ ដែលប្រទេសចិនបានរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ក្រោមស្ថានការណ៍បច្ចុប្បន្ន ជានិច្ចកាល ភាគីបារាំងតែងតែគាំទ្រ និងបន្តគាំព្រយ៉ាងពេញទំហឹង ចំពោះការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង ឱ្យទទួលបានជោគជ័យ។

ជាការឆ្លើយតប លោក Xi Jinping បានលើកឡើងថា ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង អាចរៀបចំធ្វើតាមពេលកំណត់ នេះបានបង្ហាញថា សហគមន៍អន្តរជាតិចង់បានសន្តិភាព សាមគ្គីភាពនិងវឌ្ឍនភាព។ លោកបានលើកឡើងទៀតថា ភាគីចិននិងសហភាពអឺរ៉ុបគួរតែគោរពគ្នាទៅវិញទៅមក ធ្វើកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ ផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ។ ភាគីចិនរីករាយរួមជាមួយភាគីបារាំង ដើម្បីជំរុញកិច្ចសន្ទនារវាងថ្នាក់ដឹកនាំប្រទេសចិន និងសហភាពអឺរ៉ុប ឱ្យរៀបចំធ្វើដោយជោគជ័យ ហើយរួមគ្នាធ្វើកិច្ចសន្ទនាជាន់ខ្ពស់ជុំថ្មីផ្នែកយុទ្ធសាស្ត្រ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម បៃតង ឌីជីថលនិងវប្បធម៌ មនុស្សជាតិឱ្យបានល្អ ក្នុងន័យជំរុញដំណើរអនុម័តនិងចូលធរមាន នៃកិច្ចព្រមព្រៀងវិនិយោគរវាងប្រទេសចិននិងសហភាពអឺរ៉ុប ដើម្បីផ្តល់ផលប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាជនទ្វេភាគី។

ជាការឆ្លើយតប លោ Macron បានថ្លែងថា បច្ចុប្បន្ន សភាពការណ៍អន្តរជាតិពោរពេញដោយភាពតានតឹង ក្នុងបរិបទនេះ ភាគីបារាំងសង្ឃឹមអាចរួមជាមួយភាគីចិន ដើម្បីធ្វើឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាន់តែស៊ីជម្រៅ។ ភាគីបារាំងសូមសម្តែងពីការពេញចិត្ត ចំពោះសមិទ្ធផលកិច្ចសហប្រតិបត្តិការសំខាន់ៗ រវាងបារាំងនិងប្រទេសចិនលើវិស័យបច្ចេកទេស កសិកម្ម អាកាសចរណ៍និងថាមពលនុយក្លេអ៊ែរជាដើម ហើយរីករាយរួមជាមួយភាគីចិន ពិគ្រោះពិភាក្សាអំពីការពង្រឹង និងពង្រីកមិត្តភាពនិងការកសាងទំនុកចិត្តទៅវិញទៅមក ក៏ដូចជាធ្វើកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ឱ្យកាន់តែស៊ីជម្រៅ។ ភាគីបារាំងនឹងខិតខំដោយពេញទំហឹង ដើម្បីជំរុញរបៀវារៈវិជ្ជមានរវាងសហភាពអឺរ៉ុបនិងប្រទេសចិន ក៏ដូចជាជំរុញទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិងប្រទេសចិន វិវឌ្ឍវីកចម្រើនថែមទៀត៕