(តូក្យូ)៖ ប្រភពពីរដ្ឋាភិបាលជប៉ុនបានបង្ហើបឱ្យដឹងថា នាយករដ្ឋមន្រ្តីជប៉ុន លោក ហ៊្វូមីអូ គីស៉ីដា (Fumio Kishida) អាចនឹងជួបពិភាក្សាគ្នា តាមប្រព័ន្ធទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បើឆាប់បំផុតគឺនៅយប់ថ្ងៃព្រហស្បតិ៍នេះតែម្តង ដោយប្រធានបទនៃកិច្ចសន្ទនា គឺទាក់ទងនឹងភាពតានតឹងនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

កាលពីថ្ងៃពុធម្សិលមិញ សហរដ្ឋអាមេរិកនិងសម្ពន្ធមិត្តលោកខាងលិច បានអះអាងថា ប្រទេសរុស្ស៉ីនៅតែកំពុងប្រមូលផ្តុំកម្លាំងយោធាដដែល នៅក្បែរព្រំប្រទល់ប្រទេសអ៊ុយក្រែន បើទោះបីជាទីក្រុងម៉ូស្គូបានប្រកាសថា កងទ័ពនិងសព្វាវុធ ដែលដាក់ពង្រាយសម្រាប់សមយុទ្ធយោធា ត្រូវបានចល័តចូលបន្ទាយវិញក៏ដោយ។

ជុំវិញភាពតានតឹងរវាងអ៊ុយក្រែននិងរុស្ស៉ី រដ្ឋមន្រ្តីការបរទេសជប៉ុន លោក យ៉ូស៉ីម៉ាសា ហាយ៉ាស៉ី (Yoshimasa Hayashi) កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានថ្លែងថា ជប៉ុនកំពុងខិតខំព្យាយាមជំរុញឱ្យមាន ដំណោះស្រាយដោយសន្តិវិធីតាមរយៈកិច្ចសន្ទនា ប៉ុន្តែទីក្រុងតូក្យូអាចនឹងចាត់វិធានការប្រឆាំងលើរុស្ស៉ី ប្រសិនបើមានការឈ្លានពានលើអ៊ុយក្រែន ក្នុងនោះរួមមានទាំងការដាក់ទណ្ឌកម្ម។

គួរបញ្ជាក់ថា នៅថ្ងៃអង្គារដដែល លោក គីស៉ីដា ក៏បានជួបពិភាក្សាតាមប្រព័ន្ធទូរស័ព្ទជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្ស៉ីលែនស្គី (Volodymyr Zelenskiy) ផងដែរ ហើយលោកបានបន្ថែមថា ជប៉ុនត្រៀមលក្ខណៈជាស្រេច ដើម្បីផ្តល់ឥណទានបន្ទាន់យ៉ាងតិច ១០០លានដុល្លារ ដល់អ៊ុយក្រែន៕