(សិង្ហបុរី)៖ របាយការណ៍ចុងក្រោយពីក្រសួងសុខាភិបាលសិង្ហបុរី (MHO) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា អ្នកជំងឺ COVID-19 ប្រមាណ ៨,០០០នាក់ បានរួចផុតពីសេចក្តីស្លាប់ ព្រោះតែការអនុវត្តវិធានការការពារ និងការជំរុញអត្រាចាក់វ៉ាក់សាំងបង្ការ ឲ្យឈានដល់កម្រិតខ្បស់ នៅទូទាំងប្រទេសដីកោះនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

របាយការណ៍ខាងលើនេះបានបង្ហាញថា គិតចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដែលជាពេលវីរុសបំប្លែងខ្លួន Delta បានវាយលុកដល់កម្រិតកំពូលក្នុងប្រទេសសិង្ហបុរីនោះ ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 បានសង្គ្រោះអ្នកជំងឺ ៨,០០០នាក់ពីសេចក្តីស្លាប់, ៣៣,០០០នាក់ពីការធ្លាក់ខ្លួនឈឺធ្ងន់ និង ១១២,០០០នាក់ពីការចូលសម្រាកក្នុងមន្ទីរពេទ្យ។

ការសម្រេចបានលទ្ធផលខាងលើនេះ ក៏បានជំនួយមកពីការអនុវត្តវិធានការបង្ការ COVID-19 របស់អាជ្ញាធរសុខាភិបាលសិង្ហបុរីផងដែរ។ MOH បានបង្ហាញសុទិដ្ឋិនិយមថា ប្រទេសដីកោះនេះនៅតែអាចរក្សាអត្រាស្លាប់ ដែលបង្កឡើងដោយជំងឺ COVID-19 ឲ្យស្ថិតនៅក្នុងកម្រិតទាប នោះគឺ ១៥.៧នាក់ ក្នុងចំណោមប្រជាជន ១០០,០០០នាក់។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ សិង្ហបុរីបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ១៣លានដូស ក្នុងនោះប្រជាជន ៤.៨លាននាក់ (៨៤.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៣.២លាននាក់ (៥៧.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕