(ប៉េកាំង)៖ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃពុធសប្តាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានថ្លែងថា សហរដ្ឋអាមេរិកក្នុងមួយរយៈចុងក្រោយនេះ បានបង្កើនការព្រមានអំពីសង្គ្រាមដែលអាចផ្ទុះឡើង (រវាងរុស្ស៊ី និងអ៊ុយក្រែន) ដែលប្រការនេះបាននិងកំពុងបង្កផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពសង្គម និងសេដ្ឋកិច្ចរបស់អ៊ុយក្រែនផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នារសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

ការថ្លែងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនខាងលើនេះ គឺជាការឆ្លើយតបចំពោះ សារព័ត៌មានលោកខាងលិចមួយចំនួន ដែលបានចុះផ្សាយអំពីការព្យាករណ៍ថា រុស្ស៊ីនឹងវាយប្រហារអ៊ុយក្រែននៅក្នុងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។ លោក វ៉ាង វិនពីន បានសង្កត់ធ្ងន់ថា ការឃោសនាបំប៉ោងបែបនេះ បែរជាកំពុងជំរុញទឹកចិត្តឲ្យភាគីពាក់ព័ន្ធ ចូលរួមកាន់តែសកម្មនៅក្នុងកិច្ចសន្ទនា និងចរចាគ្នាទៅវិញ។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារស ប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរ៉ូវ (Sergey Lavrov) បានរិះគន់ចំៗទៅលើអ្វីដែលលោកហៅថា «ពាក្យចចាមអារ៉ាមពីលោកខាងលិច» អំពីការវាយប្រហារដោយរុស្ស៊ីលើអ៊ុយក្រែន។ ប្រមុខការទូតរុស្ស៊ីបានចាត់ការផ្សព្វផ្សាយបែបនេះ ជាអំពីភេរវកម្មផ្នែកព័ត៌មាន ព្រោះកងទ័ពរុស្ស៊ីកំពុងត្រូវបានដកជាបណ្តើរៗ ទៅកាន់មូលដ្ឋានពួកគេវិញហើយ ដោយយោងទៅលើកាលវិភាគដែលបានកំណត់៕