(ប៉េកាំង)៖ នាថ្ងៃទី១៥ ខែកុម្ភៈ នៅក្រុងប៉េកាំង លោក Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានផ្តល់រង្វាន់ ប្រធានគណៈកម្មាធិការ អូឡាំពិកអន្តរជាតិជូនលោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) ដើម្បីសរសើរលោក Shen Haixiong និងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនដែលបានរួមចំណែកយ៉ាងលេចធ្លោក្នុងការផ្សព្វផ្សាយកីឡាអូឡាំពិក។

លោក Bach បានវាយតម្លៃខ្ពស់ចំពោះ CMG និងលោកអគ្គនាយក Shen Haixiong ដែលបានទំនួលខុសត្រូវយ៉ាងសកម្ម ផ្សព្វផ្សាយបែបច្នៃប្រឌិតថ្មី និងរួមចំណែកយ៉ាងលេចធ្លោក្នុងការជំរុញបុព្វហេតុកីឡាអូឡាំពិកអន្តរជាតិ ហើយបានសម្តែងការកោតសរសើរ និងការអបអរសាទរចំពោះ CMG ដែល ទទួលបានភាពជោគជ័យក្នុងការផ្សាយផ្ទាល់ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ឆ្នាំ២០២២។

លោក Shen Haixiong បានថ្លែងអំណរគុណដល់ការកោតសរសើររបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងលោក Bach។ លោក Shen Haixiong បានថ្លែងថាកិត្តិយសគឺជារបស់សមូហភាព រង្វាន់នេះបានបង្ហាញពីការកោតសរសើរពេញលេញ នៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិចំពោះ CMG និងអ្នកសារព័ត៌មានចិនទាំងមូលដែលបានខិតខំជំរុញបុព្វហេតុកីឡាអូឡាំពិក និងការផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងប៉េកាំងឆ្នាំ២០២២។

លើសពីនេះ លោក Bach និងលោក Shen Haixiong បានជូនវត្ថុអនុស្សាវរីយ៍គ្នាទៅវិញទៅមក។ គួររំលឹកថា រង្វាន់ប្រធានគណៈកម្មាធិការអូឡាំពិក អន្តរជាតិជារង្វាន់ល្បីល្បាញបំផុតមួយដែលផ្តល់ជូនឥស្សរជនសង្គមស៊ីវិលនៅទូទាំងពិភពលោក ដែលបានរួមវិភាគទានយ៉ាងលេចធ្លោក្នុងការជំរុញបុព្វហេតុកីឡាអូឡាំពិក វាសម្រេច និងប្រគល់ជូនផ្ទាល់ដោយប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ៕