(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចេញផ្សាយអ្វីដែលហៅថា របាយការណ៍ស្តីពី «យុទ្ធសាស្ត្រឥណ្ឌាប៉ាស៊ីហ្វិក របស់អាមេរិក»។ អ្វីដែលហៅថា «យុទ្ធសាស្ត្រឥណ្ឌាប៉ាស៊ីហ្វិក» នេះពោរពេញទៅដោយគំនិតសង្គ្រាមត្រជាក់ និងអនុវត្តនយោបាយក្រុមបក្ខពួកដែល បានលាតត្រដាងយ៉ាងច្បាស់នូវគោលបំណងដ៍អាក្រក់របស់អាមេរិក ក៏ដូចជាបានបញ្ជាក់ម្តងទៀតថា អ្នកនយោបាយអាមេរិកមួយចំនួនតែងតែបង្ក ភាពវឹកវរនៅពិភពលោកទាំងមូល។

គួររំលឹកថា ពីការអនុវត្តនូវអ្វីដែលហៅថា «ផែនការកំញើញតំបន់ប៉ាស៊ីហ្វិក» ដល់ការពង្រឹង «យន្តការចតុភាគី» របស់អាមេរិក ជប៉ុន ឥណ្ឌា និងអូស្រ្តាលី ពីការបង្កើតទំនាក់ទំនងភាពជាដៃគូសន្តិសុខត្រីភាគីរវាងអាមេរិក អង់គ្លេស និងអូស្រ្តាលី ដល់ការអនុម័តលើអ្វីដែលហៅថា សេចក្តីព្រាងច្បាប់ស្តីពីនវានុវត្តន៍ និងការប្រកួតប្រជែងរបស់អាមេរិកឆ្នាំ២០២២ រហូតដល់ការចេញផ្សាយអ្វីដែលហៅថា «យុទ្ធសាស្ត្រឥណ្ឌា ប៉ាស៊ីហ្វិកថ្មី» សហរដ្ឋអាមេរិកកំពុងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីបង្កើតជាក្រុមសម័្ពន្ធមិត្តតូចដែលសំដៅចំពោះប្រទេសចិន។

និយាយរួម ការទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន និងការគាំពារអនុត្តរភាពរបស់អាមរិក ទើបជាគោលដៅចុងក្រោយនៃអ្វីដែលហៅថា «យុទ្ធសាស្ត្រឥណ្ឌាប៉ាស៊ីហ្វិក»។ យ៉ាងណាមិញ តើអ្វីដែលហៅថាទស្សនទានស្តីពី «យុទ្ធសាស្ត្រឥណ្ឌាប៉ាស៊ីហ្វិក» អាចសម្រេចបាន ឬអត់ វាមិនមែន ស្ថិតនៅលើឧត្តមគតិរបស់អាមេរិកនោះទេ តែគឺស្ថិតនៅលើតថភាពនៃទំនាក់ទំនងអន្តរជាតិ។

និយាយចំពោះប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ភាគច្រើនបាន និងកំពុងប្រកាន់ខ្ជាប់នូវគោលនយោបាយការទូត ប្រកបដោយភាពឯករាជ្យម្ចាស់ការ។ ប៉ុន្តែ ការពិតជាក់ស្តែងបានធ្វើឱ្យប្រទេសនៅតំបន់អាស៊ីប៉ាស៊ីហ្វិក មើលឃើញយ៉ាងច្បាស់ថាតើអ្នកណាមានចិត្តពុតត្បុត និងអ្នកណាមាន
ចិត្តស្មោះត្រង់។ អ្វីដែលហៅថារបាយការណ៍ស្តីពី «យុទ្ធសាស្ត្រឥណ្ឌាប៉ាស៊ីហ្វិករបស់អាមេរិក» បានអះអាងថានឹងពង្រីកវត្តមានការទូតរបស់ខ្លួន នៅបណ្តាប្រទេសកោះប៉ាស៊ីហ្វិក ប៉ុន្តែបន្ទាប់ពីការផ្ទុះភ្នំភ្លើងក្នុងទ្រង់ទ្រាយធំនៅប្រទេសតុងហ្គា កាលពីខែមករា ឆ្នាំនេះ សម្ភារៈជួយសង្គ្រោះបន្ទាន់ លើកទីមួយដែលតុងហ្គាទទួលបាន បែរជាមកពីប្រទេសចិន។

ព្រះមហាក្សត្រតុងហ្គាមានព្រះរាជបន្ទូលថា ក្នុងគ្រាដ៏លំបាកនេះ រដ្ឋាភិបាលចិនបានផ្តល់ជំនួយដោយទាន់ពេលវេលា ដែលធ្វើឱ្យរដ្ឋាភិបាល និងប្រជាជនតុងហ្គា រំភើបចិត្តយ៉ាងខ្លាំងចំពោះទង្វើដ៏សុចរិតរបស់ចិន។ ប្រជាពលរដ្ឋក្នុងតំបន់ ក៏បាននាំគ្នាធ្វើដំណើរទៅកាន់ស្ថានទូតចិនប្រចាំនៅ តុងហ្គា ដើម្បីថ្លែងអំណរគុណ ពួកគេបានថ្លែងថា ប្រទេសចិនគឺជា «មិត្តភក្តិដ៏ពិតប្រាកដ» របស់ប្រទេសតុងហ្គា។

សូមបញ្ជាក់ថា ពីជំនួយជាវ៉ាក់សាំងដល់ការស្តារសេដ្ឋកិច្ចឡើងវិញ ប្រទេសចិនបានបញ្ជាក់តាមរយៈប្រតិបត្តិការជាក់ស្តែងថា ការអភិវឌ្ឍរបស់ចិន ជាឱកាសនិងជាដៃគូរបស់តំបន់អាស៊ីប៉ាស៊ីហ្វិកជាប់រហូតមក។ នាពេលបច្ចុប្បន្ននេះ ទន្ទឹមនឹងការអនុវត្តជាផ្លូវការនៃ «កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (ហៅកាត់ RCEP )» តំបន់អាស៊ីប៉ាស៊ីហ្វិកទទួលបាននូវឱកាសអភិវឌ្ឍន៍កាន់តែខ្លាំងក្លា ហើយស្ទើរតែ គ្មានប្រទេសណាមួយមានឆន្ទៈបោះបង់ចោលផលប្រយោជន៍របស់ខ្លួន ដើម្បីឈរនៅជាមួយអាមេរិកសម្រាប់ប្រឆាំងនឹងប្រទេសចិនឡើយ។

មិនថា អាមេរិកឃោសនាបំប៉ោងថា នឹងកសាងឥណ្ឌាប៉ាស៊ីហ្វិកដែលមានសេរីភាព ភាពបើកទូលាយនិងភាពរុងរឿងថ្កុំថ្កើង យ៉ាងណាក្តី ក៏វាសុទ្ធតែមិន អាចលាក់បាំងការប៉ុនប៉ងពិតប្រាកដរបស់ខ្លួន ដែលនិយាយផ្សេងធ្វើផ្សឹង និងឆ្លៀតប្រើសម្ព័ន្ធមិត្តដើម្បីទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន និងគាំពារ អនុត្តរភាពរបស់ខ្លួន។ ភាពរុងរឿងថ្កុំថ្កើងដ៏យូរអង្វែងនៃតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវការប្រទេសក្នុងតំបន់សាមគ្គីគ្នាធ្វើកិច្ចសហប្រតិបតិ្តការ តែមិនមែន ចងបក្សសម្ព័ន្ធ និងធ្វើការបដិបក្ខគ្នានោះទេ។

ពេលវេលានឹងបញ្ជាក់ថា យុទ្ធសាស្ត្រណាមួយដែលដាក់ចេញលើមូលដ្ឋាននៃការស្វែងតែរកផលប្រយោជន៍ផ្ទាល់ខ្លួន បិទទ្វារនិងច្រានចោលប្រទេស ដទៃទៀតពិតជានឹងទទួលបរាជ័យជាក់ជាមិនខាន ប្រទេសភាគច្រើនដាច់ខាតនៅតំបន់អាស៊ីប៉ាស៊ីហ្វិកទើបមានសិទ្ធិបញ្ចេញមតិយោបល់កាន់តែច្រើន ចំពោះអនាគតនៃ «ទីលំនៅរួម» មួយនេះ៕