(ម៉ូស្គូ)៖ មន្ត្រីចារកម្មនៃចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកបានព្រមានថា វត្តមានយោធារុស្ស៊ីនៅតាមតំបន់ជាប់ព្រំដែនអ៊ុយក្រែន នៅតែកំពុងកើនឡើង ដើម្បីត្រៀមវាយដណ្តើមយកទីតាំងសំខាន់ៗ ដែលទំនងមិនដូចជាការផ្សព្វផ្សាយថា រុស្ស៊ីបានដកទ័ពវិញខ្លះនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

យោងតាមមន្ត្រីចារកម្មអង់គ្លេស បានបញ្ចេញរបាយការណ៍ថ្មីដ៏កម្រមួយថា រថពាសដែក, ឧទ្ធម្ភាគចក្រ និងមន្ទីរពេទ្យចល័តរបស់រុស្ស៊ី ត្រូវបានគេអង្កេតឃើញ នៅតាមតំបន់ក្បែរព្រំដែនអ៊ុយក្រែន។ ដោយឡែកមន្ត្រីនៃរដ្ឋបាលលោក ចូ បៃដិន ក៏បានបង្ហើប (ដោយគ្មានបញ្ជាក់ភស្តុតាង) ផងដែរថា កងទ័ពរុស្ស៊ីប្រមាណ ៧,០០០នាក់ទៀតឯណោះ ត្រូវបានដាក់ពង្រាយបន្ថែមទៀត នៅកាន់តំបន់ក្បែរព្រំដែនអ៊ុយក្រែន នៅកំលុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បូករួមទាំងនៅថ្ងៃពុធ ទី១៦ ខែកុម្ភៈផងដែរ។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន (Antony Blinken) បានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ MSNBC នៅថ្ងៃពុធសប្តាហ៍នេះថា «នោះហើយជាអ្វីដែលរុស្ស៊ីនិយាយចេញ... ហើយនេះជាអ្វីដែលរុស្ស៊ីធ្វើ... យើងមិនបានឃើញការដកកងទ័ពអ្វីនោះទេ។ យើងនៅតែបន្តឃើញ កងអង្គភាពសំខាន់ៗរបស់រុស្ស៊ី ចល័តទៅជិតតំបន់ព្រំដែន (អ៊ុយក្រែន), មិនមែនទៅណាឆ្ងាយពីព្រំដែននោះឡើយ»

គួរបញ្ជាក់ថា បណ្តាប្រទេសលោកខាងលិច បាននិងកំពុងបន្តបង្វឹក និងបំពាក់សព្វាវុធឲ្យអ៊ុយក្រែន ព្រមទាំងព្រមានពីការឈ្លានរបស់រុស្ស៊ី ចូលទៅក្នុងទឹកដីអ៊ុយក្រែននៅក្នុងខែកុម្ភៈនេះ។ បណ្តាប្រទេសធំៗក្នុងតំបន់ដូចជា បារាំង និងអាល្លឺម៉ង់ជាដើម បានព្យាយាមបន្ធូរបន្ថយភាពតានតឹង តាមរយៈកិច្ចចរចាផ្នែកការទូត, ក្នុងនោះប្រធានាធិបតីបារាំង និងអធិការបតីអាល្លឺម៉ង់ សុទ្ធតែបានធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូដោយផ្ទាល់ ដើម្បីចរចាគ្នាបញ្ចប់ភាពតានតឹង តាមរយៈមធ្យោបាយការទូតជាចុងក្រោយ។

ប្រទេសរុស្ស៊ីជារឿយៗបានអះអាងថា ខ្លួនគ្មានផែនការវាយលុកអ៊ុយក្រែន ដូចលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក បាននិងកំពុងចោទប្រកាន់នោះឡើយ ប៉ុន្តែរុស្ស៊ីនឹងប្រឆាំងដាច់ខាត ចំពោះចេតនាដាក់បញ្ជូលប្រទេសអ៊ុយក្រែន ទៅជាសមាជិកអង្គការ NATO ព្រោះវានឹងក្លាយជាការគំរាមកំហែងសន្តិសុខ ដោយផ្ទាល់ នៅមាត់់របងផ្ទះរបស់រុស្ស៊ី៕