(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) នៅថ្ងៃព្រហស្បតិ៍នេះបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការរវាង បណ្ដាប្រទេសទាំងអស់ ដើម្បីលើកកម្ពស់ការងើបឡើងវិញសេដ្ឋកិច្ចសកល ហើយថាបច្ចុប្បន្ន មិនមែនជាពេលត្រូវបង្កើតភាពតានតឹង ភូមិសាស្ត្រនយោបាយ ដូចជាអ្វីដែលកំពុងកើតឡើងនៅអ៊ុយក្រែន នោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

លោក ចូកូ វីដូដូ ធ្វើការកត់សម្គាល់ខាងលើ នាឱកាសបើកកិច្ចប្រជុំមួយ នៃថ្នាក់ដឹកនាំហិរញ្ញវត្ថុ មកពីបណ្ដាប្រទេស G20 ដែលឥណ្ឌូណេស៊ីជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំ។

បើតាមរដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោកស្រី ស៊្រី មូលីយ៉ានី អ៉ីនដ្រាវ៉ាទី (Sri Mulyani Indrawati), កិច្ចប្រជុំនេះនឹងផ្តោតសំខាន់លើការពិភាក្សាគ្នា ពីយុទ្ធសាស្ត្រស្វែងរកច្រកចេញ ស្ដីពីគោលនយោបាយរូបិយវត្ថុ, អតិផរណាសកល, ការចែកចាយវ៉ាក់សាំងបង្ការ COVID-19 និងការផ្ដល់ហិរញ្ញវត្ថុដល់ របៀបវារៈនៃបញ្ហាអាកាសធាតុ និងប្រធានបទសំខាន់ៗជាច្រើនទៀត៕