(វ៉ាស៊ីនតោន)៖ មន្ត្រីសុខាភិបាលនៃសហរដ្ឋអាមេរិក នៅថ្ងៃពុធសប្តាហ៍នេះបានពិភាក្សាគ្នា ដើម្បីរៀបចំជំហានបន្ទាប់ ក្នុងការដោះស្រាយបញ្ហាជំងឺរាតត្បាតសកល COVID-19 ខណៈឥទ្ធិពលនៃព្យុះរលក បង្កឡើងដោយវីរុសបំប្លែងថ្មី អូមីក្រុង (Omicron) បាននិងកំពុងថមថយគួរឲ្យកត់សម្គាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

យោងទៅលើទិន្នន័យចុងក្រោយ ពីមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺ (CDC) នៃសហរដ្ឋអាមេរិក បានឲ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា គិតជាមធ្យមនៅក្នុងរយៈពេល ៧ថ្ងៃចុងក្រោយនេះ ចំនួនករណីឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃនៅទូទាំងសហរដ្ឋអាមេរិកបានធ្លាក់ចុះ ៤០%, អត្រាចូលសម្រាកមន្ទីរពេទ្យប្រចាំថ្ងៃបានធ្លាក់ចុះ ២៨% និងអត្រាស្លាប់ប្រចាំថ្ងៃបានធ្លាក់ចុះ ៩%។ វាជាសញ្ញាបង្ហាញថា ឥទ្ធិពលរបស់ Omicron ដែលបានគ្របដណ្តប់ស្ទើរតែ ១០០% នៅទូទាំងសហរដ្ឋអាមេរិកនោះ បាននិងកំពុងថមថយឥទ្ធិពលយ៉ាងពិតប្រាកដ។

យ៉ាងណាក៏ដោយ ការប្រជុំរបស់មន្ត្រីសុខាភិបាលពាក់ព័ន្ធ របស់សហរដ្ឋអាមេរិកខាងលើនេះ បានកើតមានឡើងស្របពេលដែលរដ្ឋជាច្រើន បានចាប់ផ្តើមដកវិធានការរឹតត្បិតប្រឆាំងនឹង COVID-19 វិញ ដោយយោងទៅលើការធ្លាក់ចុះ នៃតួលេខអ្នកឆ្លង, អ្នកចូលសម្រាកមន្ទីរពេទ្យ និងអ្នកស្លាប់ប្រចាំថ្ងៃនោះ។ ជុំវិញបញ្ហានេះ, មជ្ឈមណ្ឌល CDC នឹងធ្វើការកំណត់ឡើងវិញ អំពីសេចក្តីណែនាំរបស់ខ្លួនពាក់ព័ន្ធនឹងការពាក់ម៉ាស និងការធ្វើតេស្តរក COVID-19 ឲ្យសមស្របទៅនឹងស្ថានភាពជាក់ស្តែង៕