(ក្វាតេម៉ាឡា ស៊ីធី)៖ អាជ្ញាធរនៃប្រទេសក្វាតេម៉ាឡា នៅថ្ងៃពុធសប្ដាហ៍នេះបានឱ្យដឹងថាគ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារលើតំបន់ ភាគខាងលិចនៃប្រទេស ដោយបង្កផលប៉ះពាល់ដល់ប្រជាជនរាប់ម៉ឺននាក់ ខណៈមនុស្ស៣នាក់បានស្លាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

បើតាមអាជ្ញាធរក្វាតេម៉ាឡា គ្រោះរញ្ជួយដីខាងលើមានចំណុចរញ្ជួយក្នុងតំបន់ អេសគុយអ៉ីនត្លា (Escuintla) ដែលស្ថិតនៅចម្ងាយប្រហែល ១០០ គីឡូម៉ែត្រ ពីភាគនិរតីនៃរដ្ឋធានីក្វាតេម៉ាឡា ស៊ីធី និងមានជម្រៅរញ្ជួយទៅក្នុងដី ៨៤គីឡូម៉ែត្រ។ គ្រោះរញ្ជួយដីនេះ ក៏បានបង្កឱ្យមានគ្រោះរអិលបាក់ដី ផងដែរ ដោយបណ្ដាលឱ្យផ្ទះសម្បែងជាច្រើនខ្នងរងការខូចខាត ក៏ដូចជាធ្វើឱ្យប្រជាជន ៣១,៣០០នាក់ គ្មានអគ្គិសនីប្រើប្រាស់។

ចំណែកឯ ស្ត្រី ៣នាក់ ត្រូវបានគេរាយការណ៍ថាបានស្លាប់ដោយសារតែគាំងបេះដូង ដែលមានជាប់ពាក់ព័ន្ធនឹងគ្រោះរញ្ជួយដីនេះ។ ប៉ុន្តែអាជ្ញាធរ ក្វាតេម៉ាឡា មិនបានបញ្ជាក់លម្អិតថាតើវាមានទំនាក់ទំនងគ្នាយ៉ាងមេចនោះទេ៕