(វ៉ាស៊ីនតោន)៖ មន្ទីរការពារជាតិអាមេរិកបញ្ចកោណ បានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា យន្តហោះនៃកងទ័ពជើងទឹកសហរដ្ឋអាមេរិកចំនួន ៣គ្រឿង ត្រូវបានក្បួនយន្តហោះយោធារុស្ស៊ីហោះស្ទាក់ នៅក្នុងស្ថានភាពដែលគ្មាន ភាពទទួលខុសត្រូវទាល់តែសោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

កាពីតែនកងទ័ពជើងទឹកអាមេរិក លោក ម៉ៃក៍ កាហ្វកា (Mike Kafka) បានគូសបញ្ជាក់តាមរយៈសេចក្តីថ្លែងការណ៍មួយថា «ទោះបីជាគ្មាននរណាម្នាក់ បានរងរបួសនៅក្នុងហេតុការណ៍នោះក្តី ក៏ការបង្កហេតុរបៀបៗនេះ អាចឈានទៅរកការយល់ច្រឡំ ឬគណនាខុស ដែលនាំឲ្យមានលទ្ធផលដ៏គ្រោះថ្នាក់»។ លោក Mike Kafka បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកតែងតែធ្វើសកម្មភាពនានា ស្របទៅនឹងច្បាប់អន្តរជាតិ ហើយខ្លួនក៏សង្ឃឹមថារុស្ស៊ីនឹងប្រព្រឹត្តដូចគ្នានេះដែរ។

គួរបញ្ជាក់ថា យន្តហោះយោធាអាមេរិក ៣គ្រឿងជាប្រភេទយន្តហោះល្បាត P-8A និងយន្តហោះឈ្លបយកការណ៍ ត្រូវបានយន្តហោះយោធារុស្ស៊ីហោះស្ទាក់ និងប្រដេញ នៅក្នុងដែនអាកាសអន្តរជាតិ ពីលើដែនសមុទ្រមេឌីទែរ៉ាណេ។ សហរដ្ឋអាមេរិកក៏បានគូសបញ្ជាក់ អំពីក្តីបារម្ភរបស់ខ្លួននេះ ប្រាប់ទៅកាន់ភាគីរុស្ស៊ីរួចហើយដែរ តាមរយៈផ្លូវការទូតដែលនៅមាន។ ហេតុការណ៍រសើបចុងក្រោយនេះបានកើតមានឡើង ស្របពេលដែលលោកខាងលិច និងរុស្ស៊ីកំពុងមានភាពតានតឹងខ្លាំងនៅឡើយ ជុំវិញលទ្ធភាពនៃការផ្ទុះសង្គ្រាមនៅអ៊ុយក្រែន៕