(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីនៅថ្ងៃពុធ ទី១៦កុម្ភៈនេះ បានប្រកាសពីការដាក់ឱ្យដំណើរការនូវកម្មវិធី Vaccination Travel Lanes (VTLs) ដែលមានន័យថា ការអនុញ្ញាតឲ្យចូលប្រទេសក្នុងលក្ខខណ្ឌចាក់វ៉ាក់សាំង ជាមួយហុងកុង និងតំបន់ដទៃទៀត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃនេះ។

លើសពីនេះអាជ្ញាធរបាននិយាយថា ពួកគេកំពុងសម្រួលវិធានការព្រំដែន ដែលជាផ្នែកមួយដ៏សំខាន់នៃគោលនយោបាយធ្វើដំណើររបស់ប្រទេសផងដែរ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរបស់ក្រុមការងារអន្តរក្រសួង រដ្ឋមន្ត្រីដឹកជញ្ជូនលោក S Iswaran បាននិយាយថា គោលការណ៍ VTLs នឹងអនុញ្ញាតឱ្យអ្នកធ្វើដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ ពុំចាំបាច់ធ្វើចត្តាឡីស័កឡើយ នឹងលែងត្រូវការធ្វើតេស្តម៉ាស៊ីន PCR នៅពេលមកដល់។ ដោយជំនួសមកវិញ ធ្វើតេស្តរហ័ស។

វិធានការព្រំដែនសម្រាប់អ្នកធ្វើដំណើរមកដល់នៅសឹង្ហបុរី នឹងចាប់អនុវត្តពីថ្ងៃទី២២ ខែកុម្ភៈ នឹងត្រូវបានសម្រួលផងដែរ ខណៈតម្រូវការចត្តាឡីស័កត្រូវបានកាត់បន្ថយពី ១៤ថ្ងៃ មកត្រឹម ៧ថ្ងៃវិញ៕