(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៣៤,៧៣៧ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។

រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន៣,៨៨៨ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន៦២០ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Thái Nguyên មានចំនួន២,៤៩៧ករណី, ខេត្ត Hải Dương ១,៥៣៦ ករណី និងខេត្ត Quảng Ninh ១,៥៣៦ករណី។

ក្នុងរបាយការណ៍ថ្ងៃពុធនេះដែរក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ចំនួន៦៦នាក់បន្ថែមទៀតផងដែរ។

សរុបមកវិញ គិតត្រឹមថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ២,៦០៦,៨២៤នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ២,២៤៩,១៥៥នាក់ ចំណែកអ្នកស្លាប់សរុបនៅត្រឹមចំនួន ៣៩,១៨៨នាក់៕