(សិង្ហបុរី)៖ នាយកប្រតិបត្តិជាន់ខ្ពស់ម្នាក់មកពីក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin បាននិយាយថាការចាប់អារម្មណ៍របស់ថៃ ក្នុងការទិញ យន្ដហោះចម្បាំងបំបាំងកាយ F-35 គឺជាការពិត ប៉ុន្តែបញ្ហាលក់យន្ដហោះចម្បាំងនេះវាអាស្រ័យលើរដ្ឋាភិបាលអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។

នាយកប្រតិបត្តិផ្នែកពាណិជ្ជកម្មសកល នៃក្រុមហ៊ុន Lockheed Martin លោក ធីម ខាហៀល (Tim Cahill) ធ្វើការកត់សម្គាលខាងលើ នៅក្នុងសុន្ទរកថានៅឯពិព័រណ៍យន្ដហោះមួយ រៀបចំឡើងក្នុងប្រទេសសិង្ហបុរី នៅថ្ងៃពុធនេះ។ លោកបានទទួលស្គាល់ថា ថៃពិតជាបានបង្ហាញចំណាប់ អារម្មណ៍ចង់ទិញយន្ដហោះចម្បាំង F-35 ពិតមែន តែមកទល់នឹងពេលនេះមិនទាន់មានការវិវត្តផ្លូវការជាវិជ្ជមានណាមួយ នៅឡើយទេ។

កាលពីខែមករាកន្លងទៅនេះ, កងទ័ពអាកាសថៃ ត្រូវបានគេរាយការណ៍ថាមានផែនការចំណាយប្រាក់ ៤១៣លានដុល្លារ ដើម្បីទិញយន្ដហោះចម្បាំង ៤គ្រឿង បន្ទាប់ពីមន្ត្រីកងទ័ពអាកាសជាន់ខ្ពស់ថៃម្នាក់ បានឱ្យដឹងថាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះចាប់អារម្មណ៍ទិញយន្ដហោះចម្បាំង F-35 ចំនួន ៨គ្រឿង។

គួរបញ្ជាក់ថា F-35 គឺជាយន្ដហោះចម្បាំងដ៏ទំនើបបំផុតមួយ ផលិតដោយក្រុមហ៊ុន Lockheed Martin ហើយប្រទេសដែលមានយន្ដហោះនេះប្រើ សុទ្ធតែជាសម្ពន្ធមិត្តជិតស្និទ្ធរបស់អាមេរិក។ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ប្រទេសដែលបានប្រើ F-35 មានតែអូស្ត្រាលី, ជប៉ុន, កូរ៉េខាងត្បូង និងសិង្ហបុរី តែប៉ុណ្ណោះ៕