(តេហ្គូស៉ីហ្កាល់ប៉ា)៖ អតីតប្រធានាធិបតីហុងឌូរ៉ាសលោក ហ័ន អ័រឡានឌូ ហឺណាន់ដេស (Juan Orlando Hernandez) កាលពីថ្ងៃអង្គារនេះ ត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីសហរដ្ឋអាមេរិកបានស្នើសុំឱ្យធ្វើបត្យាប័នរូបលោក ពាក់ព័ន្ធសំណុំរឿងរត់ពន្ធគ្រឿងញៀន ខណៈការចាប់ខ្លួននេះកើតមានឡើង ក្រោយលោក Hernandez អស់អំណាចបានត្រឹមប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។

សហរដ្ឋអាមេរិកបានចោទប្រកាន់ លោកអតីតប្រធានាធិបតីហុងឌូរ៉ាសថា បានចូលរួមក្នុងសកម្មភាពជួញរត់ពន្ធគ្រឿងញៀន កាលពីចន្លោះ ឆ្នាំ២០០៤-២០២២។ លោក Hernandez ស្ថិតក្នុងផ្នែកនៃប្រតិបត្តិការរត់ពន្ធគ្រឿងញៀនមួយ ដែលត្រូវទទួលសារធាតុកូកាអ៉ីនរាប់តោនពីកូឡុំប៊ី និងវេណេស៊ុយអេឡា ដែលត្រូវដឹកជញ្ជូនបន្តទៅកាន់សហរដ្ឋអាមេរិក ហើយលោកទទួលបានសំណូករាប់លានដុល្លារ ជាថ្នូរនឹងការការពារពួកអ្នករត់ពន្ធទាំងនោះ ពីការស៉ើបអង្កេតនិងការកាត់ទោស។

គួរបញ្ជាក់ថា លោក Hernandez វ័យ៥៣ឆ្នាំ ទើបតែត្រូវលោកស្រី ស៉ីអូម៉ារ៉ា កាស្រ្តូ (Xiomara Castro) ឡើងជំនួសជាប្រធានាធិបតី កាលពីខែមករាកន្លងទៅប៉ុណ្ណោះ។ ការស្នើសុំធ្វើបត្យាប័នពីសំណាក់សហរដ្ឋអាមេរិក ស្តែងឱ្យឃើញពីភាពផ្ទុយស្រឡះ ជាមួយរយៈកាលកាន់អំណាច៨ឆ្នាំរបស់លោក Hernandez ដែលអំលុងពេលនោះ រដ្ឋាភិបាលអាមេរិកបានចាត់ទុកលោក ជាសម្ពន្ធមិត្តសំខាន់មួយ នៅតំបន់អាមេរិកកណ្តាល៕