(ម៉ានីល)៖ អតីតស្ដេចប្រដាល់ និងជាបេក្ខជនប្រធានាធិបតីហ្វីលីពីន លោក ម៉ានី ប៉ាកគីអៅ (Manny Pacquiao) បាននិយាយថាលោកនឹងអនុញ្ញាត ឱ្យមានការស៊ើបអង្កេតអន្តរជាតិមួយ លើសង្រ្គាមប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់លោក រ៉ូឌ្រីហ្គោ ឌូតើតេ ហើយសន្យាបង្រ្កាបការជួញដូរគ្រឿងញៀន តាមមធ្យោបាយត្រឹមត្រូវ ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។

ការសន្យាខាងលើរបស់លោក ប៉ាកគីអៅ ធ្វើឡើងប្រាប់អ្នកសារព័ត៌មានបរទេស នៅក្នុងសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ អតីតសេ្ដចប្រដាល់រូបនេះ បានអះអាងថាលោកនឹងស្វាគមន៍ការស៊ើបអង្កេតរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ប៉ុន្តែ នឹងនៅតែបន្តប្រយុទ្ធប្រឆាំងនឹងក្រុមឧក្រិដ្ឋជនជួញ ដូរគ្រឿញៀន ដោយប្រើវិធីសាស្ត្រត្រឹមត្រូវ តាមរយៈការបញ្ជូនជនសង្ស័យទាំងអស់ទៅកាន់តុលាការកាត់ទោសតាមផ្លូវច្បាប់។ «នៅពេលដែលខ្ញុំ និយាយពីមធ្យោបាយត្រឹមត្រូវ នោះគឺយើងនឹងមិនសម្លាប់មនុស្ស នៅតាមដងផ្លូវនោះទេ»។ នេះជាការបញ្ជាក់របស់លោក ប៉ាកគីអៅ។

គួរបញ្ជាក់ថា លោក ឌូតើតេ បានដកហ្វីលីពីនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) កាលពីឆ្នាំ២០១៨ ក្រោយតុលាការមួយនេះប្រកាសបើក ការស៊ើបអង្កេតប្រឆាំងនឹងរូបលោក។ ការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន គ្រោងនឹងប្រព្រឹត្តទៅខែឧសភាខាងមុខនេះ ប៉ុន្តែការស្ទង់មតិបច្ចុប្បន្ន បង្ហាញថាលោក ប៉ាកគីអៅ កំពុងតាមពីក្រោយបេក្ខជនប្រធានាធិបតី លោក ហ្វែរឌីណង់ ម៉ាកូស ជេ អ (Ferdinand Marcos Jr) ដល់ទៅ៥០ពិន្ទុ ឯណោះ៕