(ញូយ៉ក)៖ អនុអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ (UN) លោក ឌីមីទ្រី ប៉ូលីយ៉ាន់ស្គី (Dmitry Polyanskiy) បានប្រាប់ឱ្យបណ្ដាមេដឹកនាំ លោកខាងលិច ទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ សម្រាប់ការភ័យខ្លាចដោយគ្មានហេតុផលថា ការប្រមូលផ្ដុំកងទ័ពរុស្ស៊ីនៅក្បែរតំបន់ព្រំដែន អ៊ុយក្រែន គឺជាសកម្មភាពត្រៀមបើកការវាយប្រហារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក ឌីមីទ្រី ប៉ូលីយ៉ាន់ស្គី បានបញ្ជាក់ដូច្នេះថា «ខ្ញុំគិតថាពួកគេ (មេដឹកនាំលោកខាងលិច) គួរតែ ទៅជួបគ្រូពេទ្យល្អម្នាក់។ ខ្ញុំណែនាំឱ្យពួកគេធ្វើដូច្នេះ ពោលគឺទៅជួបគ្រូពេទ្យជំនាញខាងព្យាបាលការភ័យខ្លាចដោយគ្មានហេតុផល»។ លោកបន្ថែមថា រុស្ស៊ី គ្មានបំណង ឬផែនការវាយប្រហារលើប្រទេសជិតខាង ឬក៏រដ្ឋជាអតីតដែនដីសហភាពសូវៀតណាមួយនោះទេ ខណៈកងទ័ពរុស្ស៊ីកំពុងឈរជើង នៅលើទឹកដីរបស់ខ្លួនតែប៉ុណ្ណោះដែលមិនមែនជាការគំរាមកំហែងដល់គេឯងឡើយ។

គួរបញ្ជាក់ថា ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃអង្គារបានអះអាងថាកងទ័ពរបស់ខ្លួនមួយចំនួន ត្រូវបានដកចេញពីតំបន់ក្បែរព្រំដែនអ៊ុយក្រែន ក្រោយ ពួកគេបញ្ចប់ការធ្វើសមយុទ្ធយោធា។ ប៉ុន្តែ សហរដ្ឋអាមេរិក នៅតែមានការសង្ស័យចំពោះចេតនារបស់រុស្ស៊ី ដោយស្នើឱ្យទីក្រុងម៉ូស្គូ បង្ហាញភស្ដុតាង ពីការបន្ធូរបន្ថយភាពតានតឹងសព្វថ្ងៃ៕