(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ៩៤,៩១៣នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២,២០២នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៧៩,៦២៨,៩៦៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៩៤៩,២៤៨នាក់ និងជាសះស្បើយឡើងសរុបជាង ៥០.៥លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

កាលពីចុងសប្តាហ៍មុននេះ មន្ត្រីសុខាភិបាលជាន់ខ្ពស់នៃសហរដ្ឋអាមេរិក បានស្វះស្វែងផ្តល់ការធានាជាថ្មីដល់សាធារណជន ដែលកំពុងនឿយហត់ខ្លាំងដោយសារ COVID-19 ថា ប្រទេសនេះកំពុងខិតទៅជិតពេលវេលាមួយ ដែលជំងឺនេះនឹងមិនគ្របដណ្ដប់លើ ជីវិតប្រចាំថ្ងៃរបស់ពួកគេទៀតទេ ដោយសារការឆ្លងរាតត្បាតនៃវីរុស Omicron បានឆ្លងកាត់ចំណុចកំពូលរួចរាល់ និងអត្រានៃការសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ បាននិងកំពុងធ្លាក់ចុះវិញ នៅក្នុងផ្នែកជាច្រើននៃប្រទេស។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥៤៧លានដូស ក្នុងនោះប្រជាជន ២៥២.១៤លាននាក់ (៧៦.៥% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២១៣.១៨លាននាក់ (៦៤.៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៩១.៦១លាននាក់ (២៧.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕