(ប៉េកាំង)៖ ថ្ងៃទី១២ ខែកុម្ភៈតាមម៉ោងកក្នុងតំបន់ ខណៈពេលទាក់ទងតាមទូរស័ព្ទជាមួយលោក ពូទីន ប្រធានាធិបតីរុស្ស៊ី លោក បៃដិន ប្រធានាធិបតីអាមេរិកបានអះអាងម្តងទៀតថា បើសិនជារុស្ស៊ី «ចូលឈ្លានពាន» អ៊ុយក្រែន នោះអាមេរិកនិងសម័្ពន្ធមិត្តរបស់អាមេរិកនឹងធ្វើឱ្យរុស្ស៊ីបង់ តម្លៃយ៉ាងធ្ងន់ធ្ងរ។

នៅថ្ងៃដដែល លោក Zelensky ប្រធានាធិបតីអ៊ុយក្រែនបានឆ្លើយតបថា និយាយពីសភាពការណ៍បច្ចុប្បន្ន «ក្នុងដែនអ៊ុយក្រែន មិនបានផ្ទុះសង្គ្រាម ទាំងស្រុងនោះទេ»។ នាពេលថ្មីៗកន្លងមក ការខ្វែងគំនិតអំពីបញ្ហាអ៊ុយក្រែនរវាងអាមេរិកនិងប្រទេសលោកខាងលិចជាមួយរុស្ស៊ីបានឡើងកម្តៅ ឥតឈប់ឈរ។

អ្វីដែលគួរឳ្យចម្លែកនោះ គឺក្នុងនាមជាសាមីប្រទេស រុស្ស៊ី និងអុយក្រែនបានសម្តែងម្តងហើយម្តងទៀតថាមិនចង់ធ្វើសង្រ្គាមនោះទេ ប៉ុន្តែក្នុងនាមជា ប្រទេសនៅក្រៅតំបន់នេះ អាមេរិកបែរជាបានឃោសនាបំប៉ោងពីបរិយាកាសដែល «ជិតនឹងផ្ទុះអាវុធ»។ មន្ត្រី និងប្រព័ន្ធសារព័ត៌មានអាមេរិក រួមសហការគ្នា ដើម្បីធ្វើឱ្យអ្នកផងមានអារម្មណ៍ថា អាមេរិក «ខ្លាចក្រែងតែរុស្ស៊ីនិងអុយក្រែនមិនផ្ទុះអាវុធ»

ពិតមែនតែអាមេរិកបានបង្កបង្កើតភាពភ័យខ្លាចនៃសង្រ្គាមជាបន្តបន្ទាប់ក៏ដោយ ក៏ប៉ុន្តែមតិអន្តរជាតិជាច្រើនបានវិភាគថា ហានិភ័យដែលបណ្តាលឱ្យ វិបតិ្តរវាងរុស្ស៊ី និងអ៊ុយក្រែនក្លាយជាសង្គ្រាម គឺតិចតួចណាស់ ពីព្រោះភាគីទាំងអស់សុទ្ធតែដឹងច្បាស់ថាសង្គ្រាមនឹងកើតមានហានិភ័យដែលមិនអាច គ្រប់គ្រងបាន។

បំណាច់ជាបែបនេះ ហេតុអ្វីបានជាអាមេរិកបានឃោសនាបំប៉ោងម្តងហើយម្តងទៀតពីការគំរាមកំហែងដែលរុស្ស៊ីនឹង «ចូលឈ្លានពាន» អ៊ុយក្រែន? មូលហេតុដំបូងគឺមកពីអាមេរិកប៉ុនប៉ងពង្រីកការ «គំរាមកំហែង» របស់រុស្ស៊ី ដើម្បីបង្កជាភាពតានតឹងខាងយុទ្ធសាស្ត្រនៅអឺរ៉ុប ក្នុងន័យបណ្តាលឱ្យ ប្រទេសអឺរ៉ុប ជាពិសេសគឺប្រទេសអឺរ៉ុបខាងកើត និងសាធារណរដ្ឋនៃអតីតសហភាពសូវៀតកាន់តែស្តាប់បទបញ្ជារបស់ខ្លួន។

បន្ទាប់មក «ការយកបានផលប្រយោជន៍» តាមរយៈការអុចអាលវិបតិ្តសង្គ្រាម និងការញុះញង់ឱ្យបដិបក្ខគ្នា ជាឧបាយកលដែលអាមេរិកតែងតែ ប្រើប្រាស់។ តាមការផ្សាយដំណឹងឱ្យដឹងថា បន្ទាប់ពីវិបតិ្តអ៊ុយក្រែនឡើងកម្តៅ ក្រៅពីបានដឹកជញ្ជូនអាវុធជាច្រើនទៅកាន់អ៊ុយក្រែន អាមេរិកក៏បាន អនុញ្ញាតឱ្យប្រទេសទាំងបីនៅសមុទ្របាល់ទិចផ្ទេរគ្រាប់មីស៊ីល និងអាវុធផ្សេងទៀតដែលផលិតដោយអាមេរិកទៅឱ្យអ៊ុយក្រែន។ វាច្បាស់ណាស់ថា នៅពីក្រោយប្រការទាំងនេះបានបង្កប់ផលប្រយោជន៍របស់ក្រុមសាជីវកម្មឧស្សាហកម្មយោធារបស់អាមេរិក។

ប្រការទាំងនេះអាចឃើញថា អាមេរិកដុតភ្លើងបន្ថែមក្នុងបញ្ហាអ៊ុយក្រែន គឺសំដៅចំពោះរុស្ស៊ី ប៉ុន្តែតាមពិតទៅ គឺចង់ដាក់ទណ្ឌកម្មទៅលើសម្ព័ន្ធមិត្ត អឺរ៉ុបទៅវិញទេ។ នេះក៏ជាមូលហេតុដែលអ្នកដឹកនាំនៃប្រទេសអាល្លឺម៉ង់ និងបារាំងបានធ្វើកិច្ចសន្ទនាការទូតជាញឹកញាប់ក្នុងពេលថ្មីៗ កន្លងមកដែល មានបំណងចង់បន្ធូរបន្ថយស្ថានការណ៍ដ៏តានតឹងនេះ។ ពីព្រោះ ពួកគេដឹងច្បាស់ណាស់ថា ល្គឹកណានៅដែនដីអឺរ៉ុបកើតមានសង្គ្រាម នោះអាមេរិកក៏ អាចឱបដៃឈរមើលភ្លើងសង្គ្រាមពីម្ខាងទៀត ហើយអ្នកស៊យជាងគេគឺទ្វីបអឺរ៉ុបខ្លួនឯង។

បច្ចុប្បន្ន ដំណើរវិវឌ្ឍរបស់វិបតិ្តអ៊ុយក្រែន ហាក់ដូចជាការសម្តែងឆាកល្ខោនរបស់អាមេរិកដែលបានបន្ថែមឈុតឆាកជាបន្តបន្ទាប់។ ប៉ុន្តែ កលល្បិច របស់អាមេរិកមិនអាចបោកបញ្ឆោតពិភពលោកបានទេ។ ការសម្តែងឆ្កួតឡប់របស់អាមេរិកនឹងធ្វើឱ្យពិភពលោកមើលឃើញកាន់តែច្បាស់ថា៖ហានិភ័យ ខាងសន្តិសុខធំបំផុតនៅលើពិភពលោក គឺអាមេរិកដែលបានជាប់គាំងទាំងក្នុងនិងក្រៅស្រុក ហើយប៉ិនប្រើគ្រប់កលល្បិចហ្នឹងឯង៕